(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា-CLUF បានលើកឡើងថា ​ប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់២០១៨ នឹងចាប់ផ្តើមពិភាក្សាទៅតាមកាលវិភាគ ដែលនឹងត្រូវចាប់ផ្តើម ចរចានៅខែ​កក្កដា ដល់ខែតុលា ខាងមុខនេះ​។

​ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅចំពោះមុខកម្មករជិត​៤,០០០​នាក់ ក្នុងពិធីសំណេះសំណាលអបសាទរ ខួបអនុស្សាវរីយ៍លើកទី ១៣១ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី០១ ឧសភា ឆ្នាំ២០១៧ នៅក្រុមហ៊ុន វ៉ាសាន់ អេចខេ ហ្វេកធើរី(ខេមបូឌា) ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ​។

លោក សោម អូន បានបញ្ជាក់ថា «សូមបងប្អូនកម្មករទាំងអស់យល់ឲ្យច្បាស់អំពីនីតិវិធី និងយន្តការចរចាប្រាក់ឈ្នួលអប្បបរមា របស់កម្មករដែលត្រូវបានកំណត់ជាគោលការណ៍ របស់យន្តការត្រីភាគី គឺចរចាជារៀងរាល់ឆ្នាំ និងដំណើរការទៅតាមកាលវិភាគ ដែលមានរយៈពេល៤ខែ គឺចាប់ផ្តើមនៅខែ​​សីហា និងបញ្ចប់នៅខែតុលា ហើយនឹងប្រកាសអោយអនុវត្តនៅខែ​មករា នៃឆ្នាំបន្ទាប់​។ ដូចនេះសូមបងប្អូនកម្មករកុំយល់ច្រឡំឲ្យសោះ​ថា ការតម្លើងប្រាក់ឈ្នួល គឺធ្វើឡើងដោយសារការទាមទាររបស់បុគ្គលណាមួយ ក្រុមណាមួយ ឬ​គណបក្សនយោបាយណាមួយ»។

លោក​បន្ថែមថា យោងតាមកាលវិភាគ នៃការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០១៨ នឹងត្រូវបានចាប់ផ្តើមប្រជុំ ពិភាក្សា នៅខែ​សីហា និង​បញ្ចប់នៅខែ​តុលា​ខាងមុខនេះ ហើយលោកសង្ឃឹមថា នៅឆ្នាំ២០១៨កម្មករនិយោជិត នឹងទទួលបាន ប្រាក់ឈ្នួលគោលយ៉ាងហោចណាស់គឺលើស​១៦០​ដុល្លារក្នុងមួយខែ ដោយមិនទាន់បូកបញ្ចូលជាមួយ​អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត​។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ក្រុមហ៊ុន វ៉ាសាន់ អេចខេ ហ្វេកធើរី(ខេមបូឌា) បានប្រារព្វពិធីអបសាទរ ខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី០១ ឧសភា ឆ្នាំ២០១៧ នៃក្រោមប្រធានបទ «ដើម្បីសន្តិភាពការងារ មុខរបរ និងអភិវឌ្ឍន៍» និងពិសារអាហាសាមគ្គីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយមានការអញ្ជើញជា អធិបតីភាពពីសំណាក់ លោក វ៉ី សំណាង អភិបាល​ខេត្តកំពង់ស្ពឺ៕