(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកម្មវិធីប្រណាំងកង់សាកល្បងសម្រាប់កម្មវិធី «Run & Ride សប្បុរសធម៌ដើម្បីកម្ពុជា ២០១៧» នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយចាប់ផ្តើមនៅទីក្រុងកោះពេជ្រ។

កម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីម៉ោង៥:៣០នាទីព្រឹក ដោយចូលរួមពីសំណាក់កីឡាករប្រណាំងកង់ប្រហែល២០រូប ដែលក្នុងនោះក៏មានកីឡាករប្រណាំងកង់ជម្រើសជាតិផងដែរ។

លោកលាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា លោកនឹងចូលរួមប្រណាំងសាកល្បងនេះ «ក្រៅពីការសមជើងមុនប្រកួត គោលបំណងរបស់យើងក្នុងការប្រណាំងសាកល្បង គឺទីមួយដើម្បីសាកល្បងរៀបចំកម្មវិធីនេះឲ្យរលូន ដូចជាការដាក់រនាំងផ្លូវសម្រាប់ប្រណាំង និងការរៀបចំមួយចំនួនទៀត និងទីពីរគឺ ដើម្បីអំពាវនាវឲ្យសាធារណជនដែលមិនទាន់បានចុះឈ្មោះ ចាប់ផ្តើមចុះឈ្មោះដើម្បីរួមគ្នាជួយសាលាកម្ពុជាយើងទាំងគ្នា»

គួរបញ្ជាក់ផងដែរថា ថវិកាដែលបានពីការលក់សំបុត្រទាំងអស់ នឹងយកទៅជួយកែលម្អសាលាខ្វះខាតនៅជនបទក្នុងខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ហើយរាល់ការចំណាយទាំងអស់ ក្នុងការរៀបចំកម្មវិធីនេះ នឹងត្រូវបានទទួលរ៉ាប់រងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ទឹកផ្លែឈើJoop និងភេសជ្ជៈប៉ូវកម្លាំង Wurkz។

អ្នកចាប់អារម្មណ៍ចូលរួមប្រកួត អាចចុះឈ្មោះបាននៅសហព័ន្ធអត្តពលិកខ្មែរ ដែលមានទីតាំងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ឬចុះឈ្មោះតាមគេហទំព័រwww.activesport.com.kh ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១២ ៦៨២ ៨៨៣/០៧៧ ៦២៧ ៧៩១/០៨៦ ៦២៨ ៧៨៨៕