(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានថ្លែងឲ្យដឹងថា ពលករដែលធ្វើការនៅក្រៅប្រទេស គិតត្រឹមឆ្នាំ២០១៦ មានជាង ១លាន ១៥ម៉ឺននាក់ ហើយពលករទាំងអស់នេះ បានផ្តល់ប្រាក់ចំណូលចូលក្នុងប្រទេសប្រមាណ១.៧ពាន់ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

លោក អ៉ិត សំហេង បានថ្លែងឲ្យដឹងបែបនេះក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧នេះ។

លោក អ៉ិត សំហេង បានថ្លែងថា ពលករដែលបម្រើការងារនៅក្រៅប្រទេស ក្រៅពីបានផ្តល់ប្រាក់ចំណូលសន្ធឹកសន្ធាប់មកក្នុងប្រទេស ហើយនោះ ពួកគេក៏ទទួលបានមុខជំនាញវិជ្ជាជីវៈ ពេលត្រលប់មកវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិថែមទៀតផង។

លោករដ្ឋមន្រ្តី ក៏បានឲ្យដឹងដែរថា ពលករទៅធ្វើការនៅក្រៅប្រទេសទទួលបានភាពអនុគ្រោះ ដោយមិនបាច់បង់ថ្លៃលើលិខិតធ្វើដំណើរ ទទួលបានការគាំពារតាមផ្លូវច្បាប់ និងអន្តរាគមន៍សង្គ្រោះនៅពេលមានហានិភ័យជាយថាហេតុ និងការយកចិត្តទុកដាក់តាមរយៈ ការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ការរៀបចំពិធីផ្សេងៗ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល៕