(ភ្នំពេញ)៖ រយៈពេល៣ខែឆ្នាំ២០១៧នេះ បេឡាជាតិរបបសន្តិសុខសង្គម បានចំណាយថវិកាជាង ៤ពាន់លានរៀល ដើម្បីជួយសង្រ្គោះ កម្មករ និយោជិត ដែលរងគ្រោះក្នុងពេលបំពេញការងារដូចជាដួលសន្លប់ ឬជួបគ្រោះថ្នាក់ចរាចរពេលធ្វើដំណើរទៅបំពេញការងារជាដើម ។ នេះបើតាមការបញ្ជាក់របស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខ គណបក្សប្រជាជនកម្ពុជា និង ជាប្រមុខរាជរដ្ឋាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង បានថ្លែងថា រាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ជំរុញការអនុវត្តច្បាប់ស្តីពីរបបសន្ដិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ។

បើតាមលោក អ៉ិត សំហេង ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ បេឡាជាតិរបសសន្តិសុខសង្គមចំណាយថវិកាសរុបជាង ៤ពាន់លានរៀល ដើម្បីជួយសង្រ្គោះដល់កម្មករនិយោជិតដែលមានគ្រោះថ្នាក់ការងារដួលសន្លប់ និងគ្រោះថ្នាក់ពេលធ្វើដំណើរទៅធ្វើការ។ល។

លោករដ្ឋមន្រ្តី ក៏បានឲ្យដឹងដែរថា ឆ្នាំ២០១៦ បេឡាជាតិរបបសន្តិសុខសង្គមបានចំណាយថវិកាជួយសង្រ្គោះ ការព្យាបាល និងអត្ថប្រយោជន៍ ផ្សេងៗ រួមទាំងហានិភ័យការងារ បានជាង ៣.៤ម៉ឺននាក់ ហើយចាប់ពីខែមិថុនា ឆ្នាំ២០១៦ បេឡាជាតិរបប សន្តិសុខសង្គម បានអនុវត្តរបបថែទាំសុខភាព ដោយបានពង្រីកដល់សហគ្រាស គ្រឹះស្ថានចំនួន៦០៣ ដែលមានកម្មករនិយោជិតជាង ៦០ម៉ឺននាក់ និងបន្តពង្រីកនៅទូទាំងប្រទេស ព្រមទាំងបានសិក្សាស្រាវជ្រាវ រៀបចំដាក់ឱ្យដំណើរការប្រាក់សោធននិវត្តន៍ នៅឆ្នាំ២០១៧នេះផងដែរ។

លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបន្ថែមថា បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រមូល សមាជិកជាសហគ្រាស គ្រឹះស្ថាន បានចំនួន ៨,៧៣១សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតជាង ១.១៤លាននាក់នៅ ទូទាំងប្រទេស។ ចាប់ពីឆ្នាំ២០០៨ ដល់ខែកុម្ភៈ ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម មានប្រាក់ចំណូលជាង ៤៤១ពាន់លានរៀល ចំណាយអស់ចំនួន ១៤១ពាន់លានរៀល និងតម្កល់ទុកក្នុងគណនីកំណត់ចំនួន ២៩៣ពាន់លានរៀល។

បើតាមលោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាល ក៏កំពុងអនុវត្តរបបសន្ដិសុខសង្គមសម្រាប់មន្ដ្រីរាជការ ស៊ីវិល តាមរយៈបេឡាជាតិរបបសន្ដិសុខសង្គមសម្រាប់មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ តាមរយៈបេឡាជាតិអតីតយុទ្ធជន ដែលបេឡាទាំងពីរនេះ បាននឹងកំពុងអនុវត្តការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារ និងតាមទូ ATMនៅទូទាំង ប្រទេស។

រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈនិងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រី សាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន តាមរយៈព្រះរាជក្រិត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយយុទ្ធសាស្រ្តជាតិគាំពារសង្គម២០១៦-២០២៥ផងដែរ។

លោក អ៉ិត សំហេង បានចាត់ទុកការអនុវត្តន៍នេះថា ជាជោគជ័យនៃយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជន កម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល៕