(កំពត)៖​ បើទោះបីជាតម្លៃម្រេច នៅតំបន់ផ្សេងៗចុះថ្លៃ ប៉ុន្តែសម្រាប់ម្រេចកំពត នៅតែរក្សាបានតម្លៃខ្ពស់ គឺម្រេចខ្មៅតម្លៃ១៨ដុល្លារ, ម្រេចក្រហម២០ដុល្លារ និងម្រេចសតម្លៃ២៨ដុល្លារក្នុងគីឡូក្រាម។

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែមេសានេះថា ម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) នៅតែរក្សាបាននូវតម្លៃខ្ពស់ដដែល បើទោះបីតម្លៃម្រេច នៅតំបន់ផ្សេងមានការ ធ្លាក់ថ្លៃច្រើនក្តី។

លោកបន្ថែមថា នៅឆ្នាំនេះ ការប្រមូលផលម្រេចកំពត ចាប់ផ្តើមតាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ ហើយបច្ចុប្បន្នការប្រមូលផល កំពុងមមាញឹកខ្លាំង។

លោកថា នៅឆ្នាំនេះរំពឹងថា ម្រេចកំពតនឹងប្រមូលផល បានប្រមាណ១០០តោន ខណៈការបញ្ជាទិញមានពី៦០ទៅ៧០តោន។ ចំណែកឯឆ្នាំមុន ទិន្នផលទទួលបានត្រឹមតែ៧៣តោនប៉ុណ្ណោះ និងមានការបញ្ជាទិញមានចំនួន៥៣តោន។   

ប្រធានសមាគមរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា សព្វថ្ងៃនេះ សមាគមម្រេចកំពត មានសមាជិកកើនដល់៣៨៧គ្រួសារ និងមានផ្ទៃដីដាំដុះសរុបចំនួន២១០ហិកតា ប៉ុន្តែការប្រមូលផលទើប តែមាន១១០ហិកតាប៉ុណ្ណោះ។

បើតាមលោក ងួន ឡាយ ទីផ្សារដ៏សំខាន់របស់ម្រេចកំពត គឺសហគមន៍អឺរ៉ុប ដែលមានបរិមាណ៧០% នៃការនាំចេញសរុប ខណៈទីផ្សារមួយចំនួនទៀត នៅតំបន់អាស៉ី រួមមានប្រទេស ជប៉ុន ចិន ហុងកុង ជាដើម។   

សូមជម្រាបថា «ម្រេចកំពត» ត្រូវបានចុះបញ្ជីសម្គាល់ភូមិសាស្រ្ត នៅប្រទេសកម្ពុជា សហភាពអឺរ៉ុប ប្រទេសវៀតណាម និងប្រទេសថៃ ដើម្បីបង្ការការក្លែងបន្លំ ដែលអាចបណ្ដាលឱ្យមានការរំលោភបំពានកេរ្តិ៍ឈ្មោះ។

ជាមួយគ្នានេះដែរ ចំពោះការធ្លាក់ចុះនៃតម្លៃម្រេច នៅតំបន់ផ្សេងៗ លោក ងួន ឡាយ ដែលជាអ្នកមានបទពិសោធន៍ជាច្រើនឆ្នាំក្នុង អាជីវកម្មដាំម្រេចនោះ បានផ្តល់អនុសាសន៍ដល់ប្រជាកសិករ ដើម្បីការពារតម្លៃម្រេចរបស់ខ្លួន ត្រូវរៀបចំចងក្រងជាសហគមន៍ឡើង កុំជាលក់ម្រេចលក្ខណៈឯកជន ព្រោះនៅពេលមានសហគមន៍ត្រឹមត្រូវ មានតំណាងអាចចរចាតម្លៃជាមួយឈ្មួញបានប៉ុន្តែបើលក់ ជាលក្ខណៈបុគ្គល គឺតម្លៃសម្រេចលើតែបបូរមាត់ឈ្មួញប៉ុណ្ណោះ៕