(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សា ឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកល្វាឯម ព្រមទាំងអញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់គណបក្ស ប្រជាជនកម្ពុជា ឃុំថ្មគរ។

ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំថ្មគរ ត្រូវបានសាងសង់ និងបញ្ចប់គម្រោងសាងសង់ នាពេលថ្មីៗកន្លងទៅ ក្រោមការផ្ដួចផ្ដើម គំនិតនិងឧបត្ថម្ភ របស់ទេសរដ្ឋមន្ដ្រី អូន ព័ន្ធមន្នីរ័ត្ន សមាជិកគណៈកម្មាធិការ កណ្ដាលរបស់គណបក្ស និងមានការចូលរួមពីលោក គង់ វិបុល អនុប្រធានទី១ នៃគណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម រួមទាំងសហការរីជួយឃុំថ្មគរ ដែលចំណាយការសាងសង់ទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធសរុប៤៦,០០០ដុល្លារ ។

ទន្ទឹមជាមួយគ្នានោះ លោកបណ្ឌិត អូន ព័ន្ធមន្នីរ័ត្ន ក៏បានជួបសំណេះសំណាលបេក្ខជនឈរ ឈ្មោះបោះឆ្នោតក្រុមប្រឹក្សាជុំនិងសមាជិក គណបក្ស នៅស្រុកល្វាឯមផងដែរ។

ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងពីរតែងតែ គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ជាប់ជាប្រចាំអំពីសុខទុក្ខ និងការលំបាកខ្វះខាត របស់ប្រជាជននៅទូទាំងប្រទេស។

ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សមិទ្ធិផលដែលកើតមានឡើងនាពេលនេះ គឺជាសក្ខីភាពដែលបង្ហាញនូវភាពរីកចម្រើន របស់ប្រទេសជាតិ លើគ្រប់វិស័យ ទាំងនៅទីក្រុង និងជនបទដាច់ស្រយ៉ាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងការគិតគូរគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

លោកទេសរដ្ឋមន្ដ្រី បានលើកឡើងថា ជាមួយនឹងការទទួលបាននូវសមិទ្ធិផលថ្មីៗខាងលើ វាជាឱកាសដ៏ល្អ ដើម្បីបង្ហាញពីភាពជិតស្និទ្ធ រវាងមន្ដ្រីគណបក្ស និងប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ ដើម្បីបានដឹងពីសុខទុក្ខ ស្ថានភាពនៃការអភិវឌ្ឍន៍ និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយជូនពួកគាត់ជាដើម។

នៅក្នុងឱកាសនោះដែរ ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព ឱ្យបានកាន់តែប្រសើរឡើងថែមទៀតដើម្បី ផ្តល់នូវសេចក្តីសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ល្អជូនប្រជាពលរដ្ឋទូទាំងស្រុកល្វាឯម, ជាពិសេសត្រូវពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់ សេវាសាធារណៈគ្រប់ ប្រភេទជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមិនត្រូវយកកម្រៃអ្វីទាំងអស់ ពីការធ្វើលិខិតស្នាមផ្សេងៗជូនដល់ ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាល បានសម្រេចរួចមកហើយ មានជាអាទិ៍ សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ, សំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍, សំបុត្រមរណភាព។ល។

ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានក្រើនរំលឹកដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងត្រូវស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់របស់ ប្រជាពលរដ្ឋដើម្បីចាត់វិធានការ ដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕