(ត្បូងឃ្មុំ)៖ លោក វ៉ា សារិទ្ធ ជាប្រធានក្រុមការងារ ចុះជួយឃុំគោកស្រុក ស្រុកតំបែរ ខេត្ត្តត្បូងឃ្មុំ បានថ្លែងថា បងប្អូនប្រជាពលរដ្ឋ បោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គឺបោះឆ្នោតដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍, ហើយថា ក្នុងរបប ប៉ុល ពត ពុំមានគណបក្សនយោបាយ ឬជនដែលអះអាងថា ជាអ្នកស្នេហាជាតិ ចេញមុខមកសង្គ្រោះប្រទេសជាតិនោះទេគឺមានតែ ឥស្សរជនរបស់ គណបក្សប្រជាជនកម្ពុជាតែមួយគត់។

ការថ្លែងបែបនេះរបស់ លោក វ៉ា សារិទ្ធ ខណៈដែលលោករួមទាំងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជន ភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន៦៦០នាក់ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ។

ក្នុងឱកាសនោះ លោកក៍បានធ្វើការរំលឹកពីប្រវត្តិដ៏ជូរចត់ និងទុក្ខលំបាក ដ៍សែនវេទនា ដែលប្រជាពលរដ្ឋកម្ពុជា បានជួបប្រទះក្នុងរបបដ៍ ខ្មៅងងឹត របបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបន្តថា ក្នុងរបប ប៉ុល ពត ពុំមានគណបក្សនយោបាយ ឬជនដែលអះអាងថា ជាអ្នកស្នេហាជាតិ ចេញមុខមកសង្គ្រោះប្រទេស ជាតិ នោះទេ គឺមានតែឥស្សរជនរបស់ គណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដឹកនាំធ្វើការរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃ ទទេ ពីគំនរផេះផង់ រហូតមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយអនុវត្តន៍នូវគោលនយោបាយ ឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសជាតិ រួបរួមគ្នាទទួលបាននូវសុខសន្តិភាព ស្ថេរភាពរហូត អភិវឌ្ឍន៍ ប្រទេសជាតិ ឈានឆ្ពោះទៅរកការរីកចម្រើន លើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

លោក វ៉ា សារិទ្ធ បានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាត្រូវការពារ ឲ្យបានដាច់ខាត មិនឲ្យមានបដិវត្តន៍ពណ៌ ចូលមកបំផ្លាញសុខសន្តិភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពួកយើងនោះទេ»

ជាមួយគ្នានោះដែរ លោក វ៉ា សារិទ្ធ ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំគោកស្រុក បានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូន ដល់បងប្អូនទាំងអស់ ដែលតែងតែបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា និងសូមនៅតែធ្វើការបោះឆ្នោតគាំទ្របន្តរហូតទៅ៕