(កំពង់ធំ)៖ រដ្ឋមន្ដ្រី ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានគណៈពង្រឹងមូលដ្ឋានថ្នាក់កណ្ដាល ចុះជួយស្រុកបារាយណ៍ អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៥ ដល់មន្ត្រី និងព្រះសង្ឃ ព្រមទាំងគណកម្មការអាចារ្យវត្ត នៅវត្តជោតញ្ញាណោ (ហៅវត្ត តាំងគោក​) នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

ក្នុងពិធីនេះក៏មានការចូលរួមពី ​ព្រះតេជគុណ ព្រះទេពសត្ថា សៀង សុខ ព្រះសត្ថាបារមីមេគុណខេត្តកំពង់ធំ, ព្រះចរិយានុរក្ស លឹម វុទ្ធី ព្រះអនុគុណស្រុកបារាយណ៍ និងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តប្រមាណជាង៣០០​នាក់ផងដែរ។

លោករដ្ឋមន្ដ្រី ថោង ខុន ​បានលើកឡើងថា បើចង់ឲ្យព្រះពុទ្ធសាសនាមានការរីកចម្រើនសំខាន់ប្រទេសជាតិ ត្រូវមានសន្តិភាព មានសន្តិភាពទើបធានាបានការអភិវឌ្ឍ មានការអភិវឌ្ឍ ទើបសដ្ឋកិច្ចជាតិ និងជីវភាពរស់នៅ របស់ប្រជាជនមានការរីកចម្រើនធូរធា អាចមានលទ្ធភាពទ្រទ្រង់ព្រះពុទ្ធសាសនា មានចង្ហាន់ប្រគេនព្រះសង្ឃ មានបច្ច័យកសាង សេនាសនះ វត្តអារាម​។ល។

លោក ថោង ខុន បញ្ជាក់ថា​ ព្រះពុទ្ធសាសនាអាចស្ថិតស្ថេររីកចម្រើនបាន ក៏លុះណា​មាន ជួរព្រះសង្ឃរឹងមាំ ជួរពុទ្ធបរិស័ទ្ធ រឹងមាំ នឹងត្រូវមានហេដ្ឋារចនាសម្ព័ន្ធ សាសនាល្អគ្រប់គ្រាន់ផងដែរ។ អាណាចក្រ និងពុទ្ធចក្រ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ មាគ៌ា​ព្រះពុទ្ធសាសនា និងមាគ៌ានយោបាយរបស់គណបក្សប្រជាជន គឺសុទ្ធតែបានទូន្មានប្រៀនប្រដៅ ឲ្យមនុស្សគ្រប់រូបធ្វើអំពើល្អ ស្រឡាញ់សច្ចធម៌ ហើយព្រះពុទ្ធសាសនាបានជួយអប់រំសីលធម៌សង្គមយ៉ាងច្រើន។

បើតាមលោករដ្ឋមន្ដ្រី ដោយសារជំនឿជឿជាក់គោរពព្រះពុទ្ធសាសនា ទើបមានអ្នកបួសជាព្រះសង្ឃកាន់តែច្រើន ពីមានព្រះសង្ឃតែ ១អង្គក្រោយថ្ងៃ៧ មករា ១៩៧៩ បច្ចុប្បន្នមានព្រះសង្ឃជាង​៥ម៉ឺនអង្គ មានវត្តជាង​៤,០០០​វត្ត។ ចំពោះគណបក្សប្រជាជនក៏ដូច្នោះដែរ ដោយសារតែការជឿជាក់ លើការដឺកនាំរបស់គណបក្សប្រជាជន ទើបមាន អ្នកសុំចូលជាសមាជិកបក្ស របស់គណបក្សប្រជាជនកាន់តែ ច្រើនឡើង ពីចំនួនដែលនៅសេសសល់តិចតួច ប្រមាណតែ​៦០​នាក់ ពីការកាប់សម្លាប់របស់ពួក ប៉ុល ពត បច្ចុប្បន្នមានប្រជាពលរដ្ឋ ​សុំចូលបក្សប្រជាជនជាង​៥លាននាក់ ហើយគណបក្សប្រជាជនធ្វើតែអំពើល្អ គោរពស្រឡាញ់ នឹងគាំទ្រសច្ចធម៌ មិនភូត កុហក មិន បោកប្រាស់ ប្រជាជន ទើបបានរឹងមាំ និងរីកចំរើន ដល់សព្វថ្ងៃនេះ។

រដ្ឋមន្ដ្រីរូបនេះ ក៏បាន​អំពាវនាវឲ្យព្រះសង្ឃ ​ពុទ្ធបរិស័ទ្ធ បងប្អូនប្រជាពលរដ្ឋ នាំគ្នាធ្វើតែអំពើល្អ និងប្រកាន់នូវសច្ចធម៌ កុំសេពគប់ជាមួយ អ្នកណាដែល ស្អប់អំពើល្អ​ ខ្វះសច្ចធម៌ មានតែគណបក្សប្រជាជនមួយគត់ជាអ្នករំដោះប្រជាជន ឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ និងជាអ្នកដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីបង្រួបបង្រួមជាតិ​។ ដោយសារនយោបាយនេះ ទើបប្រទេសជាតិមានសន្តិភាព និងអភិវឌ្ឍន៍ ដែលនេះហើយជាសច្ចធម៌នៃប្រវត្តិសាស្ត្រ។

ជាចុងបញ្ចប់ លោក ថោង ខុន សូមព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ មេត្តាបន្តការគាំទ្រគណបក្សប្រជាជនតទៅទៀត ដើម្បីប្រទេសជាតិ បន្តមានសន្តិភាព  ព្រះពុទ្ធសាសនាបន្តរីកចម្រើន សំបូរសប្បាយ បានធ្វើបុណ្យទាន សង្គមជាតិមានសុខដមរមនា។ ក្នុងពិធីនេះ លោករដ្ឋមន្ដ្រី បានឧបត្ថម្ភ​ថវិកា​ចំនួន ៥លាន​៤​សែន រៀលផងដែរ៕