(ព្រះវិហារ)៖ ស្ពានដែកមួយកន្លែងដែលក្រាលដោយឈើ​ ត្រូវបានធ្វើការជួសជុលឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ៣ស្រុកក្នុងខេត្ត​ មានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិផលផ្សេងៗ។

​ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ​លោក សំ លាងទ្រី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះថា ស្ពានដែកដែលក្រាលដោយឈើនេះ មានទទឹង៤,៥០ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៩៥ ត្រង់ចំណុចគីឡូម៉ែត្រ០០+១៥០ ក្នុងភូមិឆែបលិច​ ឃុំឆែបមួយ​ ស្រុកឆែប ហើយស្ពាននេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ៣ស្រុកឆ្លងកាត់រួមមាន ស្រុកឆែប​ ស្រុកជ័យសែន និងស្រុករវៀង។

លោកប្រធានមន្ទីររូបនេះ បញ្ជាក់ថា ​ស្ពានដែកនេះដែលរងការខូចខាត គឺឈើដែលក្រាលបាន​បាក់​របើក​ និងមានប្រហោងជាច្រើនកន្លែង​ដែលកត្តានេះបណ្តាលមកពីរថយន្តដឹកធ្ងន់ៗពេក ធ្វើឲ្យប្រជាពលរដ្ឋ​ពិបាកធ្វើដំណើឆ្លងកាត់ ខ្លាចជួបគ្រោះថ្នាក់ផ្សេងៗ​ ហើយ មន្ទីរ​បានធ្វើការជួសជុលស្ពានឡើងវិញ ក្រោមការជួយឧបត្ថម្ភឈើពីផ្នែករដ្ឋបាលព្រៃឈើឆែប និងបានធ្វើរួចរាល់ជាស្ថាពរផងដែរ។

ជាមួយគ្នានោះ ​លោកក៏បានថ្លែងអំណរគុណ​ដល់នាយផ្នែក នាយរងផ្នែកព្រៃឈើឆែប ដែលបានសហការផ្តល់ឈើក្នុងការធ្វើស្ពាននេះ ហើយក្រៅពីការជួសជុសស្ពាន មន្ទីរបានធ្វើការថែទាំផ្លូវក្រាលគ្រួសក្រហមប្រវែង២០គីឡូម៉ែត្រផងដែរ៕