(កំពង់ធំ)៖ យ៉ាងហោចណាស់ ក៏មានបុរសម្នាក់បានស្លាប់ យ៉ាងអាណោចអាធម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយម៉ូតូមួយគ្រឿង ដែលបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ជ្រុលទៅបុករថយន្តដឹកភ្ញៀវទេសចរមួយគ្រឿងទៀត។

ហេតុការណ៍នេះ កើតឡើងនារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ នៅភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នគរបាលចរាចរណ៍បានឲ្យដឹងថា ហេតុការណ៍នេះ បង្កឡើងដោយបុរសម្នាក់អ្នកបើកម៉ូតូខ្លួនឯង ដែលបើកប្រជែងមិនប្រយ័ត្ន ក៏ត្រូវបានរថយន្ដក្រុងដឹកភ្ញៀវទេសចរ ១៦នាក់ បុកស្លាប់នៅកន្លែងកើតហេតុ ហើយជ្រុលចង្កូតមកបុករថយន្ដហ៊ីយ៉ាន់ដាយ របស់ក្រុមអគ្គិសនី ដែលកំពុងតភ្លើងចតចោលក្បែរចិញ្ចើមថ្នល់ ហើយជ្រុលចង្កូតធ្លាក់ទឹកស្រះថែមទៀត។

អ្នកបើកបរម៉ូតូ ឈ្មោះ មោល មិថុនា អាយុ២២ឆ្នាំ នៅភូមិប្រិច ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) រថយន្តទេសចរម៉ាកហ៊ីយ៉ាន់ដាយ បើកដោយឈ្មោះ សាក ស៊ីម អាយុ៣១ឆ្នាំ នៅភូមិប្រឡាយ ឃុំខ្នាត ក្រុងសៀមរាបខេត្តសៀមរាប (ឃាត់ខ្លួន) អ្នករួមដំណើជនជាតិចិន១៦នាក់ បកប្រែ១នាក់ខ្មែរ ឈ្មោះ ហេង វណ្ណៈ អាយុ៣៥ឆ្នាំ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀបរាប។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ កំពុងចតលើចញ្ចើមផ្លូវ អ្នកបើកឈ្មោះ ចាន់ សុភាព អាយុ៣១ឆ្នាំ នៅភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្រោយកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកបារាយណ៍។ រីឯវត្ថុតាងរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបារាយណ៍៕