(ព្រះវិហារ)៖ ខណៈខ្យល់កន្រ្តាក់លាយភ្លៀងមួយមេយ៉ាងធំ វាយប្រហារចំមូលដ្ឋានប្រជាពលរដ្ឋ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នង និងដំបូលសាលារៀន២ខ្នង ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ រួមជាមួយបង្គោលភ្លើងអគ្គិសនីមួយដើម ត្រូវរលំដូចគេច្រាន ចំណែកស្រ្តីម្នាក់បានស្លាប់ យ៉ាងអាណោចអាធម និង៣នាក់ទៀតបានរងរបួសធ្ងប់ស្រាល។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រលប់ថ្ងៃនេះថា ករណីនេះកើតឡើងនៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ នៅឃុំចំនួន៣ ក្នុងស្រុកជាំក្សាន្ត មានឃុំជាំក្សាន្ត ឃុំរំដោះស្រែ និងឃុំយៀង។

លោកថា បាតុភូតធម្មជាតិខ្យល់កន្ត្រាក់លាយឡំភ្លៀងនេះ បណ្ដាលឲ្យរលំផ្ទះទាំងស្រុងចំនួន ១៧ខ្នង របើកដំបូលអស់ចំនួន ៩២ខ្នង រលំបង្គោលភ្លើង១ដើម និងរបើកដំបូលសាលារៀនចំនួន២ខ្នង ព្រមទាំងបណ្ដាលឲ្យស្លាប់ស្ដ្រីម្នាក់ និង៣នាក់ទៀតបានរងរបួស ធ្ងន់ស្រាល៕