(បាត់ដំបង)៖ យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ក្រឡាប់ រថយន្ដដោយខ្លួនឯង នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ ​តាមបណ្តោយផ្លូវជាតិលេខ០៥ ត្រង់ចំណុចស្ពានស្នោរ ភូមិពោធ៌២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង​។

​ប្រភព​បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាក Tacoma ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ​ភ្នំពេញ2AE-4249  អ្នកបើកដោយបុរសម្នាក់ ក្នុងទិសដៅពីភ្នំពេញទៅបាត់ដំបង លុះដល់ចំណុចកើតហេតុដោយសារតែអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ហើយណាមួយរថយន្ដមានល្បឿនលឿន ទើបមិនអាចគ្រប់គ្រងស្ថានការបាន ស្រាប់តែក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យផ្លោង មនុស្សចេញក្រៅ ដោយក្នុងនោះម្នាក់ស្លាប់ និង៧នាក់រងរបួសធ្ងន់ ហើយអ្នកបើកបររត់គេចខ្លួនបាត់។

មន្ដ្រីនគរបាលមូលដ្ឋាន បញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងរបួស ទី១៖ឈ្មោះ ទុំ ស្រីរ័ត្ន ភេទស្រី អាយុ០៦ឆ្នាំ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង (ស្លាប់), ទី២៖ឈ្មោះ ហួត  ឡាយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ​រងរបួសចំក្បាល និងមុខ, ទី៣៖ឈ្មោះ កែវ​ ឈុនលី ​ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរយោធា រស់នៅភូមិ-ឃុំជាមួយគ្នា រងរបួសបាក់ស្មារខាងឆ្វេង, ទី៤៖ឈ្មោះ ឡុង ចាន់រស្មី​ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិដូង ឃុំតាក្រី ស្រុកកំរៀង រងរបួសចំមុខ និងក្បាល, ទី៥៖ឈ្មោះ រស់  សារ៉ុម ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិកំប្រ៉ង់ ឃុំតាក្រី ស្រុកកំរៀង រងរបួសបែកក្បាល, ទី៦៖ឈ្មោះ គូ ​ផល្លី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា រងរបួសចំមុខ, ទី៧៖ឈ្មោះ ងិន សារ៉ន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា រងរបួសចំដៃ និងទី៨៖ឈ្មោះ រ័ត្ន លក្ខណា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ​-ឃុំជាមួយគ្នា រងរបួសចំដៃ។

បច្ចប្បន្ន សាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ​រីឯអ្នករងរបួស០៧នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកមោងឫស្សី  ចំណែករថយន្តត្រូវ​នគរបាលជំនាញ យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី៕