(ភ្នំពេញ)៖ ខណៈពេលដែលថ្ងៃលោក ជុន ច័ន្ទបុត្រ ឬហួត ឃីនវុទ្ធី ត្រូវចូលបំភ្លឺនៅតុលាការ ក្នុងនាមជាជនសង្ស័យពាក់ព័ន្ធការ ប្រព្រឹត្តបទល្មើសបន្លំខ្លួនចូលពន្ធនាគារព្រៃស កាន់តែខិតជិតចូលមកដល់ហើយនោះ ពោលគឺថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ខាងមុននេះ ប្រជាពលរដ្ឋនៅលេីបណ្តាញសង្គម Facebook បាននឹងកំពុងដាក់ចំងល់ក្នុងចិត្តថា «តើលោកជុន ច័ន្ទបុត្រ នឹងត្រូវឃាត់ខ្លួនដែរឬទេ នៅពេលដែលចូលបំភ្លឺនៅតុលាការ»

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ជោគវាសនារបស់អនុប្រធានវិទ្យុអាស៊ីសេរីរូបនេះ ស្ថិតនៅលើកណ្ដាប់ដៃ ស្ថាប័នតុលាការឯណោះទេ ហើយជោគវាសនាយ៉ាងណានោះ ក៏យើងមិនអាចសនិដ្ឋានបានដែរ។ ជុំវិញបញ្ហានេះ បណ្ដាញសារព័ត៌មាន Fresh News នឹងព្យាយាមសុំការបំភ្លឺពីស្ថាប័នតុលាការ ក៏ដូចជាក្រសួងយុត្តិធម៌ អំពីបញ្ហាផ្លូវច្បាប់ ជូនសាធារណជនឲ្យកាន់តែច្បាស់បន្ថែមទៀត។

សូមរំលឹកថា កាលពីថ្ងៃម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ, លោក ឡុង រី ជាសាក្សី និងលោកស្រី មូរ សុខហួរជាសាក្សី។​ ក្រោយចេញដីកាទាំងនេះភ្លាម លោក ជុន ច័ន្ទបុត្រ, លោក ឡុង រី និងលោកស្រី មួរ សុខហួរ ក៏បានទទួលដីកានេះភា្លមផងដែរ បន្ទាប់ពីកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានយកទៅបិទនៅតាមផ្ទះ របស់ពូកគេរៀងៗខ្លួន។

យ៉ាងណាមិញ លោក ជុន ច័ន្ទបុត្រ ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា វិទ្យុអាស៊ីសេរីនៅវ៉ាស៊ីនតោន បានសម្រេចឈប់ឲ្យ លោកឆ្លងឆ្លើយ ជាមួយអ្នកកាសែតទៀតហើយ។ ពាក់ព័ន្ធនឹងករណីនេះវិញ ត្រូវបានអ្នកវិភាគមួយចំនួន លើកឡើងថា សេរីភាព នៃការបញ្ចេញមតិ ត្រូវបានបំបិទមាត់ចំពោះអ្នកកាសែត!? ឯណាទៅសេរីភាពនៃការបញ្ចេញមតិ? អ្នកកាសែតត្រូវបានបំបិទមាត់ មិនឲ្យនិយាយជាមួយអ្នកកាសែត ! វិទ្យុអាស៊ីសេរីធ្វើបែបនេះមិនសាកសមជាវិទ្យុដែលមាន វិជ្ជាជីវៈព័ត៌មាននោះទេ៕