(ភ្នំពេញ)៖ កាលពីថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ រួមនិងសកម្មជនស្នូលរបស់ខ្លួន ជាច្រើនរូប បានដឹកដៃគ្នាទៅទទួល យកការបណ្តុះបណ្តាលពីវិទ្យាស្ថានអន្តរជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា NDI ពីយុទ្ធ សាស្រ្តក្នុងការឃោសនាស្វែងរកសំឡេងឆ្នោត និងការរាប់សន្លឹកឆ្នោត។

ពិធីបណ្តុះបណ្តាលយុទ្ធសាស្រ្តក្នុងការឃោសនារកសំឡេងឆ្នោត ពីអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិកនេះ ត្រូវបានធ្វើឡើងនៅ សណ្ឋាគារ សាន់វ៉េ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សសង្រ្គោះជាតិ ជាច្រើនរូបមានដូចជា៖ លោកស្រី មូរ សុខហួរ, លោក ឡុង រី,  លោក មែន សុថាវរិន្ទ, លោក លឹម គឹមយ៉ា, លោក ម៉ៅ មុនីវណ្ណ, លោក ងោ គឹម, លោកស្រី លឹម មុនី, លោក គង់ សភា, លោក លឹម ញ៉េញ, លោក សោ ចាន់ដេត, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លោក ង៉ោ គឹមជាង លោក ម៉ត់ ចាន់ថា និងក្រុមយុជនស្នូលជាច្រើនរូបទៀត។

អង្គការ NDI នេះ ជារឿយៗត្រូវបានគេដឹងថា មានសមានចិត្តខ្ពស់ជាមួយគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងនៅកម្ពុជា ហើយតែងតែជួយបណ្តុះបណ្តាល ពីយុទ្ធសាស្រ្ត ក្នុងការស្វែងរកសន្លឹកឆ្នោត។ គេក៏នៅចាំ និងបានផងដែរថា កាលពីក្នុងព្រឹត្តិការណ៍ បោះឆ្នោតជាតិកាលពីឆ្នាំ២០១៣កន្លងទៅ គណបក្សសង្រ្គោះជាតិ ក៏បានពឹងពាក់ឲ្យអ្នកជំនាញការមកពីអាមេរិក ឲ្យជួយរៀបចំគោល នយោបាយ និងយុទ្ធសាស្រ្តសម្រាប់រកសំឡេងឆ្នោតផងដែរ។

គេតែងតែឮថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ រិះគន់មិនសំចៃមាត់នោះឡើយ ទៅលើសកម្មភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជាថា មានភាពកម្សោយក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឬការដឹកនាំគ្មានសន្ទុះទៅមុខ ជាដើម។ តែគេក៏មិនដែលបានឮពីការបង្ហាញពីគោលនយោបាយ ឲ្យច្បាស់លាស់ណាមួយសម្រាប់ជាផែនទីចង្អុលផ្លូវក្នុងការ ដឹកនាំប្រទេសជាតិពីថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះឡើយ ក្រៅតែពីការនិយាយច្បោលៗ លំៗ ដែលមើលទៅហាក់គ្មានការប្រាកដ និយមណាមួយឡើយ។

ជាក់ស្តែងការដាក់ចេញគោលនយោបាយសម្រាប់ការដឹកនាំប្រទេស នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតកាលពីឆ្នាំ២០១៣ ដូចជាការផ្តល់ប្រាក់បៀវត្សរ៍ដល់មនុស្សចាស់ប្រមាណ ៤ម៉ឺនរៀល និងការដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការទៀបបំផុតរហូតដល់ ១លានរៀលនោះ ត្រូវបានគេមើលឃើញថា ជាគោលនយោបាយដែលដាក់ចេញ ដើម្បីតែទាញការចាប់អារម្មណ៍ពីម្ចាស់ឆ្នោតប៉ុណ្ណោះ តែវាមិនបានឆ្លើយតបស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិឡើយ។ គោលនយោបាយនេះ ត្រូវបានគេមើលឃើញថា គ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ ព្រោះការចំណាយនឹងកើនឡើងយ៉ាងច្រើនលើសលប់ ខណៈចំណូលជាតិនៅមានកម្រិត មិនសមាមាត្រគ្នា។

គេនៅចាំបានថា ព្រោះតែភាពមិនប្រកដប្រជាក្នុងការដឹកនាំប្រទេសជាតិនេះ ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ របស់ ប៉ុល ពត ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃប៉ុណ្ណោះ (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) ពួកគេបានធ្វើឲ្យប្រទេសកម្ពុជា ដែលធ្លាប់ល្បាញល្បីក្នុងសម័យសង្គមរាស្រ្តនិយមត្រូវខ្ទេចខ្ទីគ្មានសល់។

ការកសាងផែនទីចង្អុលផ្លូវមួយដ៏ច្បាស់លាស់ គឺជាត្រីវិស័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងជំរុញប្រទេសជាតិឲ្យឆ្ពោះទៅរក វឌ្ឍនភាព។ ការកសាងបានផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មួយដ៏ល្អប្រសើរ គឺទាមទារយ៉ាងសំខាន់នូវសមត្ថភាព ដ៏ខ្លាំងក្លារបស់ថ្នាក់ដឹកនាំគណបក្សនយោបាយនីមួយៗ ដែលចូលរួមប្រកួតប្រជែងរកការគាំទ្រឆ្ពោះទៅដឹកនាំប្រទេសជាតិ។ ផ្ទុយទៅវិញប្រសិនបើថ្នាក់ដឹកនាំគណបក្សទាំងអស់នោះ អសមត្ថភាពទៅហើយ តើពួកគេអាចកសាងផែនទីចង្អុលផ្លូវដ៏ល្អមួយ សម្រាប់កសាងប្រទេសជាតិបានយ៉ាងដូចម្តេចទៅ?

ក្រោយបានទទួលដំណឹងថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ទៅទទួលការបណ្តុះបណ្តាលពីអង្គការរបស់អាមេរិកសូម្បីតែ យុទ្ធសាស្រ្តក្នុងការស្វែងរកសំឡេងឆ្នោត និងការរាប់សន្លឹកឆ្នោតលជាដើមនោះ មានសំណើចចំអកជាច្រើនបានផ្ទុះឡើង។ មានការចំអកថា ត្រឹមយុទ្ធសាស្រ្តរកសំឡេងឆ្នោត ក៏ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទៅរៀនពីគេដែរ តើពួកគេមាន សមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិបានដែរឬទេ? តើពួកគេអាចគ្រប់គ្រងស្ថានការណ៍ដ៏ស្មុគស្មាញ របស់ប្រទេសជាតិបានយ៉ាងដូចម្តេចទៅ?

បើដូច្នេះម៉ែន! តើមោទនភាពជាតិ និងការអួតអាតថា នឹងនាំជាតិកម្ពុជាឲ្យរុងរឿងអស្ចារ្យរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ អាចធ្លាក់ក្នុងគន្លងទ្រឹស្តីមហាលោតផ្លោះ មហាអស្ចារ្យដូចរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបដ៏ប្រល័យរបស់ក្រុម ប៉ុល ពត ដែរឬទេ?