(កោះកុង)៖ លោក ហេង រតនា អគ្គនាយកមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ មន្ត្រីស៉ីម៉ាក់ បានរកឃើញគ្រាប់បែកទម្លាក់ លើយន្តហោះរបស់អាមេរិក ប្រភេទ MK 82 ដែលមានទម្ងន់២២៩គីឡូក្រាម បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ច។

អ្វីដែលគួរឲ្យគត់សម្គាល់នោះ គ្រាប់បែកនេះ មិនមែនរកឃើញនៅតំបន់ជិតព្រំដែនកម្ពុជា វៀតណាមនោះទេ ប៉ុន្តែរកឃើញនៅខេត្តជាប់ព្រំដែនថៃទៅវិញ។   

លោក ហេង រតនា បញ្ជាក់ឲ្យដឹងា «នៅថ្ងៃទី២៣ ខែមេសានេះ​ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់បែក ខំដុតហើយមិនព្រមផ្ទុះសោះ។​ ស្មានថាគ្រាប់តូច​ ទៅដល់ឃើញជាគ្រាប់បែកប្រភេទ MK82 ទំងន់ចំនួន២២៩គីឡូក្រាម ទីតាំងគ្រាប់នេះ សិ្ថតនៅស្រុកកំពង់សីលា​ ខេត្តកោះកុង។​ ថាទំលាក់នៅតំបន់ព្រំដែនវៀតណាមសំបូរដីទន់​ បឹង​ និងទន្លេ​ តែនៅកំពង់សីលា​ សុទ្ធតែថ្មហើយមិនផ្ទុះ​ ប្រឹងដុតហើយមិនផ្ទុះទៀត»

ជាមួយគ្នានេះ អគ្គនាយករូបនេះ បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាទាក់ទងកំលាំងស៉ីម៉ាក់​ កុំព្យាយាមដោះស្រាយបញ្ហាគ្រាប់​មិនទាន់ផ្ទុះដោយខ្លួនឯង។

សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕