(កំពង់ចាម)៖ នាយឧត្ដមសេនីយ៍ ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណបក្សចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋ១៤គ្រួសារ ដែលរស់នៅភូមិចំប៉ា ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ដែលរងគ្រោះមហន្តរាយដោយខ្យល់កន្រ្ដាក់ ។

នៅក្នុងពិធីនេះនាយឧត្ដមសេនីយ៍ ម៉ា ឈឿន បានថ្លែងផងដែរ «សូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ ខ្យល់កន្ត្រាក់​ខ្យល់ព្យុះ​និងភ្លើងឆេះផ្ទះ, សូមពិសារទឹកដាំឆ្អិន​ និងពិសារឱ្យបានច្រើនដើម្បីសុខភាពល្អ, សូមអាណាព្យាបាលណែនាំកូន-ក្មួយ​ ឱ្យជៀសឆ្ងាយពីគ្រឿងញៀន​ដែលជាប្រភពនៃអំពើហិង្សា​ចោរកម្ម​ចារកម្ម​និងអសន្តិសុខ, សូមស្ត្រីមានផ្ទៃពោះ​ ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​និងទៅសម្រាលកូននៅមណ្ឌលសុខភាពដើម្បីសុខភាព​និងសុវត្ថិភាពទាំងម្តាយ​និងកូន»

ទន្ទឹមនឹងពេលនោះ ប្រជាពលរដ្ឋទាំងអស់​មានក្តីរំភើប និងសប្បាយរីករាយឥតឧបមា​ព្រោះប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ ចុះជួយសម្រាលទុក្ខលំបាកដល់ពួកគាត់បានទាន់ពេលវេលា​ និងមិនមានការរើសអើង និងប្រកាន់និន្នាការអ្វីឡើយ។​

គួររំលឹកថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង​ត្រូវបានបំផ្លាញ​ទាំងស្រុងដោយ​សារតែខ្យល់កន្រ្តាក់ និង១១គ្រួសារទៀត ត្រូវប៉ើងដំបូងផ្ទះ ជញ្ជំាងផ្ទះ ផងដែរ ហើយនៅថ្ងៃទី២៣មេសាម្សិលមិញនេះ នាយឧត្ដមសេនីយ៍ ម៉ា ឈឿន បាននាំយកនូវអំណោយជាច្រើន ចែកជូន ដល់គ្រួសាររងគ្រោះ រួមមាន៖ សម្រាប់៣គ្រួសារ ទទួលបានសង្ក័សី១៥សន្លឹក, អង្គរ៥០គីឡូក្រាម, កន្ទេល១, មី២កេស, ទឹកត្រី១យូរ, តង់មួយ និងថវិកា១០ម៉ឺនរៀល ចំណែកឯ ១១គ្រួសារទៀត ទទួលបានអង្គរ៥០គីឡូក្រាម, កន្ទេល១, មី២កេស, ទឹកត្រី១យូរ, តង់មួយ និងថវិកា១០ម៉ឺនរៀលផងដែរ៕