(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានចាប់ផ្តើមដំណើរការវគ្គបណ្តុះបណ្តាល បំប៉នបន្ថែមរយៈពេល៣ថ្ងៃ ជូនដល់អ្នកសារព័ត៌មានចម្រុះមកពីទូរទស្សន៍ វិទ្យុ កាសែត និង App ។ វគ្គបណ្តុះបណ្តាលដំបូងនេះរៀបចំនៅស្នាក់ការកណ្តាល ស.ស.ស.ក មានអាសយដ្ឋានអាគារលេខ៣៦ ផ្លូវ២៤០ សង្កាត់ចតុមុខ រាជធានីភ្នំពេញ ដោយមានគ្រូឧទ្ទេសនាមជំនាញឯកទេសផ្សេងគ្នា១៥រូប និងមានសិក្ខាកាមជិត១០០នាក់។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានគូសបញ្ជាក់ថា៖ មេរៀនពីវគ្គបណ្តុះបណ្តាលនេះ គឺរៀបចំក្នុងគោលបំណងផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងជាមូលដ្ឋាន៤វិស័យគឺ៖ វិស័យសារព័ត៌មាន, ការដឹកនាំគ្រប់គ្រងការងារសារព័ត៌មាន, កិច្ចការអ្នកនាំពាក្យ, និងការងារបោះឆ្នោត។

លោក ហ៊ុយ វណ្ណៈ បានថ្លែងថា អ្នកសារព័ត៌មានត្រូវខិតខំអភិវឌ្ឍខ្លួនឲ្យមានតួនាទីកាន់តែចាំបាច់ នៅក្នុងសង្គមតាមរយៈការសរសេរផ្សាយព័ត៌មានពិត តាមក្រមសីលធម៌ វិជ្ជាជីវៈ និងរួមចំណែកជួយជំរុញឲ្យសង្គមគិតវិជ្ជាមាន។ លើសពីនេះ អ្នកសរសេរព័ត៌មានក៏ត្រូវមានក្តីស្រម័យ និងអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកដឹកនាំ ក្នុងអាជីវកម្មវិស័យព័ត៌មានផងដែរ។

ក្នុងឱកាសនោះដែរ លោក ហ៊ុយ វណ្ណៈ បានស្នើឲ្យមានការខិតខំរកវិធីចូលឲ្យបានគៀកគ្នា ការយោគយល់គ្នា ការគោរពគ្នា និងការជឿគ្នារវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យគ្រប់ស្ថាប័ន។ ការមិនទុកចិត្តគ្នា ការខ្វែងគ្នារវាងអ្នកសារព័ត៌មាននិងអ្នកនាំពាក្យ គឺនាំឲ្យការផ្សាយមិនពេញលេញ។ ការជឿទុកចិត្តគ្នារវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន គឺមានតម្លៃសំខាន់ណាស់ដល់ការកសាងគុណភាពព័ត៌មាន ហើយកាន់តែផ្តល់សារៈប្រយោជន៍ដ៏ធំធេងដល់ប្រជាជន។

សូមជម្រាបថា តាមការគ្រោងទុកការបិទវគ្គបណ្តុះបណ្តាលនិងការប្រគល់វិញ្ញាបនបត្រ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕