(កំពង់ស្ពឺ)៖ ក្រុមចោរលួចម៉ូតូដ៏កក្រើកនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលធ្វើសកម្មភាពចំនួន១៨លើក ដោយលួចម៉ូតូរបស់ ប្រជាពលរដ្ឋជាច្រើនគ្រឿង នៅពេលនេះត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ​ សហការជាមួយកម្លាំងនគរបាលខេត្តទាំងនោះ តាមស្រាវជ្រាវរហូត ចាប់ខ្លួនបានហើយ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រុមចោរលួច និងកាច់កម៉ូតូទាំង៥នាក់ នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី។ តែយ៉ាងណាក៏ដោយ សម្រាប់ការកាត់ទោសជនសង្ស័យទាំងនេះ សមត្ថកិច្ចសូមអំពាវនាវដល់មន្រ្តីតុលាការ មេត្តាចាត់ការឲ្យបានតឹងរឹង ពីព្រោះទំរាំចាប់បានពួកគេត្រូវចំណាយលុយកាក់ ពេលវេលា និងកម្លាំងជាច្រើន។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «មុខសញ្ញាក្រុមចោរកាច់សោម៉ូតូ លួច យ៉ាងសកម្មរហូត នៅ៣ខេត្ត គឺខេត្តកណ្តាល កំពង់ចាម កំពង់ស្ពឺ ត្រូវកម្លាំងនគរបាលបញ្ជូនទៅកាន់តុលាការហើយ។ ជនទាំង៥នាក់នេះត្រូវបានកម្លាំងយើង បានបញ្ចេញប្រតិបត្តិការ ជាមួយកម្លាំងស្រុកអង្គស្នួល ខេត្តកណ្តាល ស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួន ជាបន្តបន្ទាប់ អ្នកនៅសល់ នឹងបន្តស្រាវជ្រាវចាប់បន្ថែមទៀត ហើយមុខសញ្ញាខ្លះក៏ទើបចេញពីពន្ធនាគារផងដែរ»

លោកស្នងការបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ហោ ធួក អាយុ៤០ឆ្នាំ នៅភូមិព្រៃឈើទាល ឃុំរបសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ញ៉ឹក ស្រីណាក់ ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសុទិន ខេត្តកំពង់ចាម ទី៣-ឈ្មោះ ប៉ែន ណុប អាយុ៣៥ឆ្នាំ នៅភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខសញ្ញាចេញពីពន្ធនាគារ ទី៤ឈ្មោះ ពេជ្រ ចាន់ អាយុ ៣៣ឆ្នាំ នៅភូមិពង្រាលធំ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ៤ ដកហូតថ្នាំញៀន២កញ្ចប់ ធំមួយកញ្ចប់ លុះដល់ថ្ងៃទី២១ ខែមេសា ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទី៥ ឈ្មោះ ឌុច រដ្ឋា អាយុ៣០ឆ្នាំ នៅភូមិពោធ៍ពង្រាលធំ ឃុំពោធ៍ ពង្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ស្នងការបានប​ន្តថា «សកម្មភាពរបស់ក្រុមចោរកាត់កម៉ូតូខាងលើ ពួកវាធ្លាប់បានធ្វើសកម្មភាពចំនួន១៨លើក មានខេត្តចំនួន៣គឺ៖ ខេត្តកំពង់ស្ពឺ (ស្រុកសំរោងទង៣លើក ស្រុកគងពិសី១លើក ស្រុកឧដុង្គ១លើក និងក្រុងច្បារមន៦លើក) ខេត្តកណ្ដាល ក្នុងស្រុកអង្គស្នួល៤លើក និងទី៣-ខេត្តកំពង់ចាម មាន៣លើក៕