(ភ្នំពេញ)៖ ហេតុតែមាននិស្ស័យខាងសិល្បៈ មិនអាចកាត់ផ្ដាច់បាន អ្នកនិពន្ធ និងជាតារាចម្រៀងមានដើម​កំណើត​ជាខ្មែរ រស់នៅក្នុងប្រទេសកាណាដា បានចេញមកចាប់ដៃជាមួយនឹង តារាចម្រៀង ជុំ លីណូ ចេញបទ «Original song» ដើម្បីបំបែកទីផ្សារចម្រៀង ខណៈដែលតារាចម្រៀង ជុំ លីណូ ទទួលបានជោគជ័យ លោកបទថ្មីរបស់ខ្លួន ជាច្រើនបទមកហើយ។

​កូនខ្មែររស់នៅប្រទេសកាណាដា លោក កែវ តូនី ជា ​ជាតារាចម្រៀងធ្លាប់​ទាញបាន ការទ្រតាមរយៈបទចម្រៀង Original song មួយចំនួនដូចជាបទ «Shape of you,Boom Shalala,បើមិនស្រលាញ់» និងបទ «អ្នកចម្រៀងក្រៅរង្វង់» ជាដើម ហើយឱកាសរួមដៃជាមួយលោកជុំ លីណូ កំពុងតែធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ជាខ្លាំង។

ងាកមកតារាចម្រៀង ជុំ លីណូ វិញ បន្ទាប់ពីទទួលបានការគាំទ្រតាមរយៈ «អត់សង្សារលើកដៃ» ថ្មីៗនេះ តារាចម្រៀង​ចូលចិត្តយកស្ទីលតាម កំពូលតារាចម្រៀងលោក ម៉ៃឃើលជេកសុន លោកជុំ លីណូ បានចេញបទ «Original song» ថ្មីមួយទៀតដែលមានចំណងជើងថា «ជូនពរអូន​​​ បានសុខនឹងគេ» ដែលជាស្នាដៃ និពន្ធថ្មីរបស់លោក កែវ តូនី ដែលជាកូនខ្មែររស់នៅកាណាដា និងជាតារាចម្រៀងកំពុងលេចធ្លោមួយរូបផងដែរខណៈលោក លីណូ រំពឹងថា ការរួមដៃជាមួយលោកតូនី និងធ្វើឲ្យទីផ្សារចម្រៀងរបស់លោកកម្រើកឡើង មួយកម្រិតថែមទៀត។

បទ«ជូនពរអូន​ បានសុខនឹងគេ» របស់ជុំលីណូ នឹងបន្ទរដោយលើក កែវ តូនី ទើបចរាចរ​បានជាង២០ម៉ោង ប៉ុណ្ណោះ​ប៉ុន្តែ កំពុងទាញបានការចាប់អារម្មណ៍ខ្លាំង នៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងYoutube ដែលការលើកសរសើរថា ជារសជាតិថ្មីប្លែកបុកចំ បេះដូងយុវវ័យ។

លោកជុំ លីណូ បានថ្លែងប្រាប់ដឹងថា ជាលើកទី១ហើយ ដែលលោកបានរួមដៃជាមួយលោក កែវ តូនី ហើយសម្រាប់បទ «ជូនពរអូន បានសុខនឹងគេ» ​លោកតូនី​ ជាអ្នកនិពន្ធថ្មី និងជួយបន្ទរ គឺជារសជាតិថ្មីមួយប្លែក សម្រាប់បងប្អូនទស្សនិកជន ជាពិសេសយុវវ័យ។ លោកពិតជារីករាយបំផុត នៅពេលបានរួមគ្នាជាមួយលោក តូនី បង្កើតរសជាតិថ្មី ខណៈដែលលោកកំពុងត្រៀម ថតឈុតខារ៉ាអូខេ​នៅកាណាដា ជាមួយលោក តូនី ផងនោះ។ ប្រសិនបើបទនេះ ទទួលបានការគាំទ្រខ្លាំង លោកនឹងមានបទចម្រៀងឆ្លើយឆ្លង ជាមួយលោក ​កែវ តូនី បន្តបន្ទាប់ទៀត ដើម្បីបំពេញ តាមសេចក្ដីត្រូវការ និងការចូលចិត្តគាំទ្ររបស់ទស្សនិកជន។

​លោក​ តូនី បានបង្ហោះបទ «ជូនពរអូនបានសុខនឹងគេ» នៅលើផេកផ្ទាល់ខ្លួន (Tony keo)​ដោយភ្ជាប់ជាមួយសារថា «សូមជូនបទថ្មី ស្ទាយខ្មែរ ច្រៀងដោយបង ជុំ លីណូ និងបន្ទរដោយខ្ញុំ តូនី សូមមិត្តៗ​ជួយគាំទ្រផង នេះគឺជាលើកដំបូង ហើយដែលខ្ញុំនិពន្ធបទ ស្ទាយខ្មែរ»។ ទន្ទឹមនឹងនោះក៏មានការលើកសរសើរ ព្រមជាមួយនិង Like និង share បន្តគួរឲ្យកត់សម្គាល់ ផងដែរ៕