(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានចាត់ទុកសុវត្ថិភាពម្ហូបអាហារ ជាកត្តាសំខាន់ណាស់សម្រាប់សុខភាព អ្នកប្រើប្រាស់ទូទៅគ្រប់រូប ដើម្បីទប់ស្កាត់ភាពមិនប្រក្រតី កុំឲ្យកើតមានឡើង។ មន្រ្តីជំនាញបានសហការជាមួយអាជ្ញាធរដែនដី ស្ថាប័នរដ្ឋ និងឯកជននានា តាមសាលារៀន ចុះធ្វើការណែនាំផ្សព្វផ្សាយ នៅតាមគោលដៅស្តីអំពីផលប៉ះពាល់សុខភាព សុវត្តិភាពលើម្ហូបអាហារទូទៅ ដែលតាំងលក់លើទីផ្សា ទីកន្លែងផលិត ការនាំចូលពីច្រកព្រំដែនក្នុងខេត្តបាត់ដំបង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង លោក ហាក់ សុខរិន សហការជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីពាក់ព័ន្ធ បានដឹកនាំក្រុមការងារ ចុះទៅអប់រំ ផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពម្ហូបអាហារដល់សិស្សចំនួន៦៧៦នាក់ និងលោកគ្រូ អ្នកគ្រូចំនួន៣១នាក់ នៅអនុវិទ្យាល័យខ្នាចរមាស ក្នុងស្រុកបវេល ដោយបានលើកបង្ហាញផ្ទាំងរូបភាពធំៗ និងពន្យល់ពីការប្រើប្រាស់ល្អ និងហាមប្រើប្រាស់ម្ហូបអាហារណា ដែលមិនដែលមិនល្អ តាមក្បួនខ្នាតបច្ចេកទេសផង។

លោក ហាក់ សុខរិន បានឲ្យដឹងថា «ក្នុងនាមមន្រ្តីជំនាញ តែងបានចាត់ទុកថា សុវត្តិភាពម្ហូបអាហារ ជាកត្តាសំខាន់ណាស់សម្រាប់សុខភាព អ្នកប្រើប្រាស់ទូទៅគ្រប់រូប បើអ្នកប្រើប្រាស់មិនបានដឹង និងមិនបានយល់ច្បាស់ ហើយបានទិញទំនិញទាក់ទង និងម្ហូបអាហារប្រចាំថ្ងៃ ដែលមានជាតិគីមី ខ្វះអនាម័យ សំបកវេចខ្ចប់ខុសបច្ចេកទេស ហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម ដោយមិនបានពិនិត្យច្បាស់លាស់ យកមកបរិភោគ វាអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់យើងទាំងអស់គ្នា កើតជាជម្ងឺផ្សេងៗ»

លោកប្រធានបានបញ្ជាក់ថា «រយៈពេលកន្លងមកមន្រ្តីជំនាញយើង បានចុះបង្ក្រាបទំនិញខូចគុណភាពជាច្រើន យកទៅកម្ទេចចោល ដែលជនខិលខូចបានលួចនាំចូលលួយលាក់ ហើយក៏បានធ្វើការអប់រំផ្សព្វផ្សាយជាបន្តបន្ទាប់មកហើយ»

បើតាមលោកប្រធានសាខា ក្រោយពីបានធ្វើការអប់រំផ្សព្វផ្សាយហើយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូប បានយល់ច្បាស់ បានចំណេះដឹងយកទៅប្រើប្រាស់ ក្នុងគ្រួសាររបស់ខ្លួន និងយកផ្សព្វផ្សាយបន្តទៀតផងដែរ៕