(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ពេលនេះកំពុងស្នាក់នៅសណ្ឋាគារសាន់វ៉េ ស្ថិតនៅទល់មុខស្ថានទូតអាមេរិក ស្របពេលដែល តុលាការក្រុងភ្នំពេញកោះហៅ ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌបន្លំសមត្ថកិច្ច។

ពាក់ព័ន្ធនឹងករណីនេះ អ្នកប្រើប្រាស់បណ្តាញមួយចំនួនបានលើកឡើងនៅថ្ងៃនេះថា បើសិនមានករណីចាំបាច់ លោក ជុន ច័ន្ទបុត្រ អាចនឹងរត់ចូលស្ថានទូតអាមេរិកតែម្តង ដើម្បីសុំការការពារមួយ ព្រោះលោក ជុន ច័ន្ទបុត្រ ក៏មានសញ្ជាតិអាមេរិកដែរ ខណៈដែលមានការលើកឡើងថា លោក ជុន ច័ន្ទបុត្រ អាចនឹងត្រូវឃាត់ខ្លួន។ ប៉ុន្តែបើសិនជាមាន ករណីរត់បែបនេះលោក ជុន ច័ន្ទបុត្រ អាចនឹងត្រូវរិះគន់ថា ជាមនុស្សកំសាក មិនហ៊ានប្រឈមមុខចំពោះផ្លូវច្បាប់។

ទោះបីយ៉ាងណា នៅមិនទាន់ដឹងថា ប្រសិនបើមានករណីនេះកើតឡើង ខាងស្ថាប័នតុលាការ និងសមត្ថកិច្ច នឹងធ្វើចំណាត់ការយ៉ាងណានោះទេ ?

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «តំណាងអយ្យការអាចនឹងឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃចូលខ្លួន ប្រសិនរកឃើញធាតុផ្សំនៃបទល្មើស​ព្រហ្មទណ្ឌណាមួយ។ បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតំណាងអយ្យការ ពិនិត្យឃើញថា មានភស្តុតាងដែលកំណត់បាននូវធាតុផ្សំ នៃបទល្មើសព្រហ្មទណ្ឌណាមួយពាក់ព័ន្ធនឹងសកម្មភាព​របស់ជនសង្ស័យ ក្រោយពីការសាកសួរនៅថ្ងៃចូលខ្លួននោះ តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃនោះតែម្តង ដើម្បីអនុវត្តនីតិវិធីបន្ត, ហេតុនេះករណីលោក ជុន ច័ន្ទបុត្រ ក៏ដូចគ្នានេះដែរ!»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ, លោក ឡុង រី ជាសាក្សី និងលោកស្រី មូរ សុខហួរជាសាក្សី ដើម្បីបំភ្លឺករណីបន្លំខ្លួន​ចូលពន្ធនាគារ។ លោក ឡុង​ រី ត្រូវបានកោះឱ្យចូលខ្លួននៅថ្ងៃទី២៧ ខែមេសា ខណៈ លោកស្រី មូរ សុខហួរ ត្រូវបានកោះឱ្យចូលខ្លួន នៅថ្ងៃទី២៨ ខែមេសា និង លោក ជុន ច័ន្ទបុត្រ ត្រូវបានកោះឱ្យចូលខ្លួន នៅថ្ងៃទី០២ ខែឧសភា៕

ខាងក្រោមនេះវិដេអូបង្ហាញពីលោក ជុន ច័ន្ទបុត្រ បន្លំខ្លួនជាជំនួយការតំណាងរាស្រ្ត ឡុង រី៖