(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្តេជ្ញាប្រែក្លាយតំបន់ព្រំដែនកម្ពុជា ជាមួយប្រទេស​ជិត​ខាងទាំងអស់ ទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងតំបន់អភិវឌ្ឍន៍ ស្របតាមបំណងប្រាថ្នា​របស់ប្រជាពលរដ្ឋ ដែលមិនត្រូវការលេណដ្ឋានសង្រ្គាមនោះឡើយ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) តម្លៃប្រមាណ ៣៦លានដុល្លារអាមេរិក ដែលជាស្ពានសង់​រួមគ្នារវាងកម្ពុជា និងវៀតណាមនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។

នៅចំពោះមុខនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក ដែលអញ្ជើញជាអធិបតី​ក្នុងពិធីសម្ពោធ​ស្ពានឆ្លងព្រំដែន​មួយខ្មែរនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានអ្នកខ្លះចង់បានសុខសន្តិភាព ដើម្បីការអភិវឌ្ឍ​ជាមួយប្រទេសជិតខាង តែក៏មានជនខ្លះចង់ឲ្យកម្ពុជា មានជម្លោះជាមួយប្រទេសជិតខាងផងដែរ។ សម្តេចបានបន្ថែមទៀតថា ពេលនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំអភិវឌ្ឍន៍តំបន់ព្រំដែនទាំងអស់ ឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងមិត្តភាព។ សម្តេចចោទសួរថា តើប្រជាជនចង់ផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ឬចង់ជីកលេណដ្ឋាន​ដើម្បីប្រយុទ្ធគ្នា​ដូចពីអតីតកាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលបានជួយកម្ពុជា ក្នុងការរំដោះប្រទេស​ចេញពីរបបប៉ុលពត និងបានជួយផ្តល់ធនធានក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ ក៏ចូលរួមអបអរសាទរចំពោះ​ភាពរីកចម្រើនរបស់វៀតណាម ដែលភាពរីកចម្រើននេះ នឹងជួយដល់ភាពរីកចម្រើនរបស់ប្រទេសជិតខាង ដូចជាកម្ពុជា​ជាដើម។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន តែកម្ពុជានៅតែមានមហិច្ឆតា​ជំរុញពាណិជ្ជកម្ម​កម្ពុជា និងវៀតណាម ឲ្យបាន៥ពាន់លានដុល្លារអាមេរិក ដែលជាការជួយរក្សាកំណើន​សេដ្ឋកិច្ចប្រមាណ​៧ភាគរយ​ក្នុងមួយឆ្នាំ។ សម្តេចបានបន្តថា ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចនេះ គឺទាមទាររក្សាឲ្យបាននូវសុខសន្តិភាព។

ចំពោះសមិទ្ធផលថ្មីនៃស្ពានឆ្លងកាត់ព្រំដែនជ្រៃធំ-ឡុងប៊ិញនេះវិញ សម្តេចតេជោ ហ៊ុន សែន គឺជាសមិទ្ធផលមួយកើតចេញពី​ចំណងដៃនៃទំនាក់ទំនង៥០ឆ្នាំរវាងកម្ពុជា និងវៀតណាម (១៩៦៧-២០១៧) និងបង្ហាញពីសមានចិត្តរបស់វៀតណាមផងដែរ។ សម្តេចរំពឹងថា ស្ពាននេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនជីវភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការជំរុញ​ទំនាក់ទំនង រវាងប្រទេសក្នុងតំបន់ទន្លេមេគង្គផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានស្ពាននេះ គឺបានឆ្លុះបញ្ចាំងពីគោលនយោបាយរបស់សម្តេច ដែលបានដាក់​ចេញក្នុងការធ្វើឲ្យតំបន់អតីតសមរភូមិ និងតំបន់ប្រទេសជិតខាងទាំងអស់ទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។

ក្នុងពិធីនាព្រឹកមិញនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតឆ្លើយតបអ្នកដែលហៅសម្តេចថាជាអាយ៉ងវៀតណាម តាមរយៈ​ការនិយាយវៀតណាមផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចនិយាយវៀតណាម មានអ្នកថា សម្តេចអាយ៉ង​វៀតណាម តែមិនទាន់មានអ្នកថាសម្តេចជាអាយ៉ងបារាំង និងអង់គ្លេស នៅឡើយទេ ពេល​សម្តេចនិយាយ​ភាសាអង់គ្លេស និងបារាំង៕