(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ គណបក្សសង្រ្គោះជាតិ នឹងរៀបចំសមាជជាថ្មី ដើម្បីពិនិត្យលើការរៀបចំអនុប្រធាន ឱ្យស្របតាមលក្ខន្តិកៈ ដែលទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ។ សមាជជាថ្មីនេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់ លោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ ជំនួសតំណែងលោក សម រង្ស៊ី ក្រោយដែលគណបក្សនេះ ដាក់លិខិតទៅកាន់​ក្រសួងមហាផ្ទៃ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងមានសមត្ថកិច្ចមួយនេះ មិនទទួលស្គាល់ចំពោះតំណែងអនុប្រធានទាំង៣រូប របស់គណបក្សប្រឆាំងនោះទេ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ការជ្រើសរើស លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នោះ នៅតែមិនទាន់ស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដោយសារការជ្រើសតាំងនេះហួសរយៈពេល ៣០ថ្ងៃ គិតចាប់តាំងពីថ្ងៃ លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានបក្ស៕