(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន សួនហ៊្វុក នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានចូលក្រាបទួលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ដើម្បីសម្ដែងការគោរពចំពោះប្រមុខរដ្ឋកម្ពុជា ក្រោយធ្វើដំណើរមកដល់ ទឹកដីកម្ពុជា នៅវេលាម៉ោង៣៖២០នាទី រសៀលថ្ងៃដដែលនេះ ប្រកបដោយសុវត្ថិភាព។

ក្រោយបញ្ចប់ការចូលក្រាបបង្គំគាល់ ចំពោះព្រះមហាក្សត្រខ្មែរហើយ លោកនាយករដ្ឋមន្រ្តី ង្វៀន សួនហ៊្វុក បានក្រាបបង្គំទួលលាព្រះអង្គ និងចាកចេញពីព្រះបរមរាជវាំង ឆ្ពោះទៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូកេត្រា ទីដែលលោកស្នាក់នៅរាជធានីភ្នំពេញ។

នៅព្រឹកស្អែកទី២៥ ខែមេសា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបពិភាក្សាការងារ ព្រមទាំងចុះហត្ថលេខាលើពិធីសារមួយចំនួន ជាមួយនាយករដ្ឋមន្រ្តីវៀតណាម នៅវិមានសន្តិភាព។

សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកនាយករដ្ឋមន្រ្តី ង្វៀន សួនហ៊្វុក លើទឹកដីកម្ពុជាលើកដំបូងបង្អស់នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕