(កំពត)៖ កម្លាំងនគរបាលអន្តរាគមន៍ឈុតខ្មៅ សហការជាមួយកម្លាំងនគរបាលគ្រឿងញៀនខេត្ត និងកម្លាំងនគរបាល​ជំនាញក្រុងកំពត ដោយមានការ​បញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងសម្រួលនីតិវិធី​ដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត ខាន់ សុផល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនម្នាក់ ជាអតីតមន្ដ្រីអាវុធហត្ថ និងបក្ខពួក២នាក់ទៀត នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត់។

លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដែលបានដឹកនាំប្រតិបត្តិការ​នេះផ្ទាល់ បានឲ្យដឹងថា ក្រុមគ្រឿងញៀនដ៏សកម្មនេះ ជនសង្ស័យ​​ឈ្មោះ លី តៅហ៊ួរ ហៅចាន់ចាវ អាយុ២៣ឆ្នាំ ដោយឃាត់ជាក់ស្តែងតាមផ្លូវ និង​ដកហូតបានថ្នាំ១កញ្ចប់។ លោកបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ឈានទៅឃាត់ខ្លួនមេជួញដូរពីរនាក់ប្តីប្រពន្ធទៀត ​នៅចំណុចផ្ទះជួលមួយកន្លែង ​ក្បែរក្លោងទ្វារវត្តពិជយ័ឧត្តុង្គន៍ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ដោយជនសង្ស័យជាប្តី ឈ្មោះ ជា ចាន់ដារ៉ា អាយុ៣៤ឆ្នាំ ជាអតីតកងរាជអាវុធហត្ថខេត្តកំពត​ និងប្រពន្ធ​ឈ្មោះ អន អាណា ​អាយុ៣០ឆ្នាំ។

បើតាមលោកនាយការិយាល័យ ក្រោយបង្ក្រាបបានកម្លាំងជំនាញដកហូតបាន ថ្នាំញៀន២កញ្ចប់, ជញ្ជីងថ្លឹងថ្នាំ១គ្រឿង, ​ទុយោសម្រាប់ជក់១ស្បោង និងថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់មួយចំនួនធំ ព្រមទាំងសម្ភារៈមួយចំនូនទឿត។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានបញ្ជូន​​ទៅការិយាល័យគ្រឿងញៀនខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿង​ចាត់ការតាមនីតិវិធី​៕