(សៀមរាប)៖ លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងភាពជោគជ័យរបស់អាស៊ាន ក្នុងការជំរុញកំណើន ទំហំពាណិជ្ជកម្ម និងការលើកកម្ពស់ឧត្តមភាព ប្រកួតប្រជែង សេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក។ ក្រៅពីនោះ លោកក៏បានថ្លែងអបអរសាទរខួប ៥០ឆ្នាំ នៃការបង្កើតសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (១៩៦៧-២០១៧) ផងដែរ។

លោក គុណ ញឹម បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមេសា ឆ្នាំ២០១៧ ដែលរៀបបចំឡើងនៅសណ្ឋាគារ Angkor Palace Resort & Spa ទីក្រុងសៀមរាប។

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦នេះ ប្រារព្ធឡើងដោយមានការចូលរួមពីរដ្ឋបាលគយអាស៊ានទាំង១០ និងរដ្ឋបាលគយចិន, រដ្ឋបាលគយជប៉ុន, រដ្ឋបាលគយកូរ៉េ, រដ្ឋបាលគយអូស្រ្តាលី, ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អាមេរិក និង ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប។

ជាមួយគ្នានោះ លោក គុណ ញឹម ​បានលើកឡើងពីសមិទ្ធផល ដែលរដ្ឋបាលគយអាស៊ាន បានចូលរួមចំណែកក្នុងការ លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងលើកទឹកចិត្តឲ្យកិច្ចប្រជុំ គណៈកម្មាធិការ សម្របសម្រួលគយអាស៊ាន បន្ដខិតខំអនុវត្តន៍ផែនការអភិវឌ្ឍគយ សមាហរណកម្មគយអាស៊ាន ដើម្បីសម្រេចគោលដៅរបស់ប្រមុខរដ្ឋាភិបាលអាស៊ានដែលបានកំណត់។

លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានកិច្ចប្រជុំ គណៈកម្មាធិការ សម្របសម្រួលគយអាស៊ាន បានថ្លែងក្នុងកិច្ចប្រជុំនេះថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍គយ និងការងារសមាហរណកម្មគយអាស៊ាន របស់ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ ក្រុមការងារអនុវត្តច្បាប់គយ និងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ។

សូមបញ្ជាក់ថា ចាប់ពីខែឧសភា ឆ្នាំ២០១៦ ដល់ខែមេសា ឆ្នាំ២០១៧ រដ្ឋបាលគយកម្ពុជា បានរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ដោយសម្រេចបានសមិទ្ធផលជាច្រើនរួមមាន ការបញ្ចប់តារាងនាមវលីពន្ធគយអាស៊ានឆ្នាំ២០១៧, ការចុះហត្ថលេខា លើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែន ឆ្លងកាត់ (Protocol 2 on Designation of Frontier Posts) ដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន, ការអនុម័តលើផែនការគោលដៅទូលំទូលាយ របស់រដ្ឋបាលគយអាស៊ាន ឆ្នាំ២០១៦-២០២៥, ការបញ្ចប់ការអភិវឌ្ឍសូចនាករគន្លឹះ សម្រាប់អនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត (the Strategic Action Plan Key Performance Indicators) ដែលជាផ្នែកមួយក្នុងការរួមចំណែកលើកកម្ពស់ កិច្ចសម្រួល ពាណិជ្ជកម្ម ក្នុងតំបន់អាស៊ាន៕