(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះថា ករណីលោកស្រី មូរ សុខហួរ និងលោក ឡុង រី ជាតំណាងរាស្រ្ត និងជាមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ក្នុងនាមជាសាក្សីលើសំណុំរឿង លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ចូលបំភ្លឺ ឬមិនចូលបំភ្លឺ គឺគណបក្សសង្រ្គោះជាតិផ្តល់សិទ្ធិផ្តាច់មុខឲ្យសាម៉ីខ្លួនជាអ្នកសម្រេច និងដើម្បីពិភាក្សាជាមួយមេធាវី។

លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើតាមការឲ្យដឹងពីសាម៉ីខ្លួនកន្លងមកគឺ ខ្ញុំបានជួប និងទទួលបានព័ត៌មានពីគាត់ យើងទុកសិទ្ធិជាការសម្រេច របស់លោកជំទាវ មូរ សុខហួរ និងឯកឧត្តម ឡុង រី ជាអ្នកសម្រចនិងកំពុងពិគ្រោះយោបល់ជាមួយមេធាវីរបស់គាត់។ តែព័ត៌មានដែលខ្ញុំបានទទួលពីគាត់ ជាគោលការណ៍គឺគាត់ នឹងចូលរួមក្នុងការឆ្លើយបំភ្លឺ»

សូមជំរាបថា តំណាងរាស្រ្ត ឡុង រី ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺក្នុងនាមជាសាក្សី នៅថ្ងៃទី២៧ ខែមេសា រីឯលោកស្រី មូរ សុខហួរ តំណាងរាស្រ្តខេត្តបាត់ដំបង នឹងត្រូវចូលខ្លួននៅក្នុងនាមសាក្សីដែរ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។ ចំណែកជនសង្ស័យ ជុន ច័ន្ទបុត្រ ត្រូវបានតុលាការរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួន ពាក់ព័ន្ធករណីភូតកុហក និងបន្លំខ្លួនចូលពន្ធនាគារប្រព្រឹត្តឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៧ កន្លងទៅ៕