(ភ្នំពេញ)៖ ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេសនៃរដ្ឋសភា លោក ឈាង វុន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានជំរុញឱ្យតំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី ចូលបំភ្លឺជូនតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការ ជាន់ដានចាស់ដូចករណីលោក កឹម សុខា។

ក្នុងសន្និសីទកាសែត នៅវិមានរដ្ឋសភា ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នាព្រឹកថ្ងៃទី២៥ ខែមេសានេះ ប្រធានគណៈកម្មការឃោសនារូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ដោយសារ ខ្ញុំឮថា មានការកោះហៅតាមតុលាការ ចំពោះតំណាងរាស្រ្ត២រូបទៅធ្វើជាសាក្សី ខ្ញុំសង្ឃឹមថា អ្នកតំណាងរាស្រ្តទាំង២នាក់ នោះកុំដើរផ្លូវចាស់ ត្រូវគិតថាខ្លួនជាអ្នកតំណាងរាស្រ្ត ត្រូវទទួលខុសត្រូវ ហើយទៅបំភ្លឺនៅតុលាការ ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញថា យើងជាអ្នកទទួលខុសត្រូវ»។

លោកបានបន្ថែមទៀតថា «តាមផ្លូវចាស់យើងដឹងស្រាប់ហើយ ការមិនចូលខ្លួនទៅតាមកោះអញ្ជើញរបស់តុលាការ គឺជាការបង្កើតនូវទឡ្ហីករណ៍ថ្មីមួយទៀត នៅក្នុងបរិបទ យុត្តិធម៌ គឺបង្ហាញពីភាពជាក់ស្តែងនៃអំពើ ហើយភាពជាក់ស្តែងនេះ យើងដឹងហើយថាមានទោសកម្រិតណា ខ្ញុំមិនចង់លឺរឿងនេះទៀតទេ»។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ ដើម្បីធ្វើជាសាក្សី នៃសំណុំរឿងបន្លំចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី កាលពីសប្តាហ៍មុន។ លោក ឡុង រី ត្រូវបានតុលាការកោះឱ្យចូលខ្លួន នៅថ្ងៃទី២៧ ខែមេសា ខណៈដែលលោកស្រី មូរ សុខហួរ ត្រូវចូលខ្លួននៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បាននិយាយថា ចំពោះករណីខាងលើនេះ គណបក្សសង្រ្គោះជាតិ បានទុកសិទ្ធិឱ្យតំណាងរាស្រ្តទាំងពីរ ជាអ្នកសម្រេចថា តើត្រូវចូលឆ្លើយបំភ្លឺនៅតុលាការ ឬយ៉ាងណា។ លោកថា ពេលនេះតំណាងរាស្រ្តទាំងពីររូប កំពុងពិភាក្សាជាមួយមេធាវីរបស់ពួកគាត់។

កាលពីឆ្នាំមុន លោក កឹម សុខា ដែលកាលណោះជាអនុប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការចោទថាបានប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រោយពេលលោកមិនបាន ចូលខ្លួនឆ្លើយបំភ្លឺក្នុងនាមជាសាក្សី ចំពោះសំណុំរឿងសញ្ចារកម្ម របស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ករណីនេះតុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគារ៥ខែ ក៏ប៉ុន្តែត្រូវបានព្រះមហាក្សត្រ ប្រទានការលើកលែងទោសទៅវិញ ក្រោយពីមានសំណើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕