(ភ្នំពេញ)៖ តារាសម្ដែងសិចស៊ី ចូលចិត្តបញ្ចេញដើមទ្រូងទ្រលុកទ្រលន់ មិនខ្លាចរអានរណា កញ្ញា ដេននី ខ្វាន់ បានទទួលរងការពិន័យរយៈពេល១ឆ្នាំ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនឲ្យមានសកម្មភាពអ្វីទាំងអស់ ក្នុងវិស័យសិល្បៈ ក្នុងនោះរួមមានការសម្តែង ថតខ្សែភាពយន្ត ថតខារ៉ាអូខេ ច្រៀងនៅតាមកញ្ចក់ទូរទស្សន៍ជាដើម។

ការពិន័យនេះ គឺតាមការលើកឡើងរបស់ លោក ចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានលេខាធិការដ្ឋាន ជំនួយការក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ប្រកាសស្តីពីក្រមសីលធម៌នៃអ្នកសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្រោយពីកិច្ចប្រជុំគណៈកម្មាធិការវិន័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។

លោក ចំរើន វ៉ាន់ថា ដែលជាប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងឲ្យដឹងទៀតថា ឆ្លងតាមកិច្ចប្រជុំពិភាក្សា យ៉ាងល្អិតល្អន់នៅថ្ងៃនេះរួចមក ក្រុមប្រឹក្សាពិន័យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចថា ទី១ ក្រសួងវប្បធម៌សម្រេចដាក់ពិន័យ កញ្ញា ដេននី ខ្វាន់ មិនឲ្យធ្វើសកម្មភាពពាក់ព័ន្ធ ជាមួយនឹងវិស័យសិល្បៈវប្បធម៌រយៈពេល១ឆ្នាំ ចាប់តាំងពីថ្ងៃចុះ ហត្ថលេខា ទៅលើលិខិតនេះតទៅ។ ទី២ ក្រសួងវប្បធម៌ ក៏ដូចជាក្រុមប្រឹក្សាពិន័យ ក៏បានសំណូមពរ និងស្នើដល់សមាគមសិល្បៈទាំងអស់ ស្ថានីយទូរទស្សន៍ ផលិតកម្មនានា សូមចូលរួមសហការ ជាមួយនឹងក្រុមប្រឹក្សាពិន័យ ចំពោះការដាក់ពិន័យទៅលើ កញ្ញា ដេននី ខ្វាន់ នេះ ដោយសុំសំណូមពរមិនឲ្យយកតួនេះទៅថត ទាំងរឿង និងស្ពតពាណិជ្ជកម្មផ្សេងៗ។ ទី៣ កិច្ចប្រជុំបានស្នើដល់ផលិតកម្មទាំងអស់ ពេលចង់បានតួថត ឬសម្ដែងក្នុងរឿងរបស់ខ្លួន គួរធ្វើការទំនាក់ទំនងតាមរយៈ សមាគមសិល្បៈដែលមានស្រាប់ ដើម្បីការពារហានិភ័យ ឬការរិះគន់ណាមួយកើតឡើង។

ការដាក់ពិន័យ កញ្ញា ដេននី ខ្វាន់ នេះ ត្រូវបានធ្វើឡើងនៅចំពោះមុខ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច និង តំណាងសមាគមមិត្តសិល្បៈស្ម័គ្រជួយសង្គម ដែលមានលោក ហេង ឡុង ជាតំណាង ដោយអ្នកទាំងពីរ បានឯកភាពទាំងស្រុងចំពោះការដាក់ពិន័យលើ កញ្ញា ដេននី ខ្វាន់ មិនឲ្យមានសកម្មភាពរយៈពេល១ឆ្នាំ ខណៈដែលសាមីខ្លួនផ្ទាល់ គឺនាង ដេននី ខ្វាន់ មិនបានបង្ហាញវត្តមាន ចូលរួមក្នុងកិច្ចប្រជុំ តាមការអញ្ជើញរបស់ក្រសួងឡើយ។

ទោះបីជាយ៉ាងណា នាពេលកន្លងមក កញ្ញា ដេននី ខ្វាន់ ក៏ធ្លាប់ទទួលបានការណែនាំ ពីមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺលោក ថៃ នរៈសិត្យា រួមមកហើយដែរ ជុំវិញការបញ្ចេញរូបភាពសិចស៊ី ហួសហេតុដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរ និងវប្បធម៌ប្រពៃណី ជាច្រើនលើកមកហើយ ប៉ុន្តែតារាសម្ដែង រូបនេះ មិនបានគោរព និងឲ្យតម្លៃទៅលើ ការណែនាំនេះទេ។

កិច្ចប្រជុំដាក់ពិន័យលើកនេះ ត្រូវបានមន្រ្តីក្រសួងវប្បធម៌អះអាងថា និងធ្វើឡើងឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងចាត់វិធានការក្ដៅណាមួយ ប្រសិនបើសាមីខ្លួន នៅតែផ្គើនមិនគោរពតាមការណែនាំ និងដាក់ពិន័យ។ ជាមួយគ្នានេះ ក្រសួងក៏ស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមសហការឲ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះការដាក់ពិន័យលើ តារាសម្ដែងរូបនេះ ដើម្បីជាគំរូមួយ សម្រាប់អ្នកសិល្បៈដទៃទៀតបានដឹង និងអនុវត្តតាម៕