(ភ្នំពេញ)៖ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានជំរុញដល់មន្ត្រីនគរបាល មន្ត្រីអាវុធហត្ថ និងគ្រប់គណៈ បញ្ចាការ ឯកភាពសង្កាត់ទាំងអស់ ត្រូវបង្កើនវិធានការ បង្ក្រាប និងទប់ស្កាត់គ្រឿងញៀន ឲ្យបានល្អប្រសើរថែមទៀត ព្រោះពលរដ្ឋ តែងតែលើកឡើង ក្នុងអំឡុងវេទិការសាធារណៈម្ដងៗ អំពើទុក្ខកង្វល់គ្រឿងញៀនវាយលុកកូនចៅ ក្រុមគ្រួសាររបស់ពួកគាត់។

លោកអភិបាលខណ្ឌរូបនេះ បានសង្កត់ធ្ងន់ថា មន្ត្រីសង្កាត់ទាំងអស់ត្រូវយកបញ្ហាគ្រឿងញៀនមកដាក់ជាប្រធានបទស្នូល នៅរាល់កម្មវិធីវេទិការសាធារណៈរបស់ខ្លួន ហើយត្រូវប្រតិបត្តិការឲ្យបានខ្លាំងចាប់ពីខែឧសភានេះទៅ។

លោក អ៊ាង ស៊ីផាន បានប្រាប់កងកម្លាំង នគរបាល កម្លាំងអាវុធហត្ថ គណៈបញ្ជាការ ឯកភាពសង្កាត់ គោរពគោលដៅ រួមគ្នា អនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាពសំដៅ ទប់ស្កាត់កុំឲ្យកើតមានបទល្មើស នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។

លោកបានលើកឡើងថា យើងត្រូវ«ការពារប្រសើរជាងព្យាបាល» ដើម្បីឲ្យកងកម្លាំងក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ អនុវត្តចាប់ពីពេលនេះតទៅ។

ការលើកឡើងរបស់លោកអភិបាលខណ្ឌច្បារអំពៅនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅនៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០១៧ ក្រោមវត្តមាន លោកអ៊ាង ស៊ីផាន អភិ បាលខណ្ឌច្បារអំពៅ និងមានការចូលរួមពី អធិការ នគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ ចៅសង្កាត់ និងនាយប៉ុស្តិ៍ទាំង៨។

លោក អ៊ាង ស៉ីផាន បានថ្លែងយ៉ាងដូច្នេះថា «កន្លងមកបញ្ហាល្បែងស៊ីសង បញ្ហាគ្រឿងញៀន ល្បីល្បាញជាងគេនៅក្នុង សង្កាត់ច្បារអំពៅទី២  តែឥឡូវបញ្ហានេះបានរាលដាលទៅដល់សង្កាត់ផ្សេងៗហើយតែយ៉ាងណាក៏ដោយមិនត្រូវបន្ធូរដៃ ជាដាច់ខាតត្រូវរួមគ្នាធ្វើការបង្ក្រាបដូចភ្លៀងរលឹម យើងត្រូវកាត់មែកធាងដើម្បីឲ្យងាប់ដើម រាល់បទល្មើសដែលកើតឡើង នាពេលកន្លងមកហើយត្រូវបានបង្ក្រាបចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់»។

លោកអភិបាល ក៏បានកោតសរសើរដល់ការខិតខំរបស់ចៅសង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចដែលបង្ក្រាបក្រុមជនប្រព្រឹត្តិ បទល្មើស បានជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅសំណូមពររបស់ប្រជាពលរដ្ឋ តែអ្វីដែលប្រសើរជាងនេះទៅទៀតនោះ គឺត្រូវរួមគ្នា «ការពារប្រសើរជាងព្យាបាល»មានន័យថាយើងត្រូវរួមគ្នាការពារកុំអោយកើតមានបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ប្រសើរជាងបទល្មើសកើតឡើង ហើយយើងបង្ក្រាបបាន៕