(ភ្នំពេញ)៖ លោកស្រី កែវ មុំ ថ្លែងប្រាប់អង្គភាព Fresh News លោកស្រី កែវ មុំ បានបញ្ជាក់ថា លោកស្រីហ៊ានអះអាងថា គុណភាពនំស្រួយលីលី នៅល្អត្រឹមត្រូវ ធានាថា មិនបណ្ដាលឲ្យអ្នកបរិភោគមានបញ្ហាឡើយ។

ប្រធានសហគ្រាសផលិតនំស្រួយលីលី បានបញ្ជាក់ទៀត នំលីលីដែលប្រជាពលរដ្ឋទាំង៨នាក់ ញ៉ាំនៅថ្ងៃកើតហេតុនោះ ទើបតែផលិតនោះទេ គឺជានំដែលថ្មីបំផុត ពោលសុពលភាពនៅសល់ដល់ទៅ ៥ខែទៀត ឯណោះ ដែលត្រូវបានផលិតនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ (សុពលភាព៦ខែ) ហើយនំដែលពួកគាត់បរិភោគនោះ មានតែ៣កញ្ចប់ប៉ុណ្ណោះ មានគុណភាពនៅស្រួយល្អនៅឡើយទេ ដែលបរិមាណ៣កញ្ចប់នេះ ធានាថាមិនប៉ះពាល់ដល់សុខភាពដល់ថ្នាក់ចូលពេទ្យនោះឡើយ។

ជាងនេះទៅទៀត ខ្សែចង្វាក់ផលិតកម្មក្នុងសហគ្រាសផលិតនំលីលី គឺមានអនាម័យ មានការត្រួតពិនិត្យត្រឹមត្រូវគ្រប់ដំណាក់កាល តាំងពីទទួលវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច មានការវិចខ្ចប់ត្រឹមត្រូវ គុណភាពទទួលស្គាល់ពីអង្គការ ស្ថាប័នអន្តរជាតិធំៗ មានវិញ្ញាបនបត្របញ្ជាក់ស្ដង់ដារ និងគុណភាពជាច្រើន។

ចំពោះផលិតផលនំលីលីនេះទៀតសោត ក៏ត្រូវបាននាំចេញទៅលក់ប្រទេសធំៗចំនួន ៩ប្រទេសទៀតផង រួមមាន៖ ប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក អ៊ីតាលី សាធារណរដ្ឋកូរ៉េ ចិន វៀតណាម ជប៉ុន មីយ៉ាន់ម៉ា និងប្រទេសកាណាដា។

នៅថ្ងៃពុធនេះដែរ លោកស្រី កែវ មុំ ក៏បានចាត់ក្រុមការងារជំនាញរបស់សហគ្រាសផ្ទាល់ ចុះទៅត្រួតពិនិត្រ និងជួបជាមួយប្រជាពលរដ្ឋ ដល់កន្លែងកើតហេតុភ្លាម ដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ ឲ្យយល់ច្បាស់ពីគុណភាពរបស់នំស្រួយលីលី ចៀសវាងការយល់ច្រឡំដូចការចុះផ្សាយ កន្លងមក។

មិនតែប៉ុណ្ណោះ សហគ្រាសផលិតនំស្រួយលីលី បានបញ្ជាប់អាជីវករដែលទទួលលក់នំស្រួយលីលី ត្រូវប្រមូលនំត្រឡប់ឲ្យមកក្រុមហ៊ុនវិញ បើមាននំណាខូចគុណភាព ឬហួសកាលបរិច្ឆេទបរិភោគ ហើយក្រុមហ៊ុននឹងផ្ដល់ជូនពួកគាត់តាមចំនួនដដែលវិញ។

សូមជម្រាបថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មានមនុស្សចាស់ និងក្មេងប្រុសស្រីចំនួន៨នាក់ នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា មានអាការៈពុលក្អួតចង្អោរ ក្រោយពីហូបនំកញ្ចប់នៅតាមកន្លែងលក់ដូរ។ ករណីនេះត្រូវបានប្រធានមន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់ អះអាងថា អាចបណ្តាលមកពីកង្វះអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាតនៅជុំវិញខ្លួន៕