(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីចុះសួសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហានកងពលធំអន្តរាគមន៍លេខ២ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ បានបំផុសស្មារតីកងទ័ពទាំងអស់ ត្រូវមានភាពស្មោះត្រង់ ពង្រឹងស្មារតីការពារជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់យ៉ាងដាច់ខាត និងការពារសន្តិភាពជូនប្រជាជន។

ក្នុងឱកាសនោះ ក៏មានពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារបណ្ណាល័យ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ផងដែរ ហើយនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក បានប្រាប់ដល់បងប្អូនកងទ័ពថា ត្រូវធ្វើអ្វីៗដើម្បីប្រទេសជាតិ និងប្រជាជន ការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពរបស់ប្រទេសជាតិ រួមគ្នាដើម្បីជាតិមាតុភូមិ និងប្រជាជន ថែរក្សានូវអ្វីដែលបុព្វបុរស បានបន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយ។

លោកថ្លែងយ៉ាងដូច្នេះថា «កងទ័ពត្រូវស្មោះត្រង់ និងលះបងដាច់ខាតជូនជាតិមាតុភូមិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារឱ្យបាននូវសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន ត្រូវម៉ឺងម៉ាត់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និងគោរព អនុវត្តឱ្យបានបញ្ជា វិន័យ លក្ខន្តិកៈ របស់កងទ័ពឲ្យបានខ្ជាប់ខ្ជួន បន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជាប់ឃាប្រចាំ រក្សាឱ្យបាននូវសុជីវធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូ ក្នុងនាមកងយោធពលខេមរភូមិន្ទ»។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលធំអន្តរាគមន៍លេខ២ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច បម្រើជាតិមាតុភូមិ និងហ្វឹកហ្វឺនសម្រួចសមត្ថភាព និងចូលរួមការពារបូរណភាពទឹកដី នាពេលកន្លងមក។

លោកបានថ្លែងអរគុណ ចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ដែលបានយកចិត្តទុកដាក់ចងសម័្ពន្ធមេត្រីភាព ដើម្បីជួយឧបត្ថម្ភ គាំទ្រទាំសម្ភារៈ ថវិកា ដល់កងទ័ព ហើយកងទ័ពការពារជាតិ បម្រើប្រជាជនដែលនេះជាឆន្ទៈ ស្មារតីដែលយើងជួយគ្នាទៅវិញមក ដើម្បីការពារជាតិ។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើកកម្ពស់កម្រិតជីវភាព មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន តាមរយៈការដំឡើងប្រាក់បៀវត្សន៍ការឧបត្ថម្ភនូវគោលរបប​ផ្សេងៗ ការផ្តល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងការយកចិត្តទុកដាក់ ចំពោះការរស់នៅការកសាងហេដ្ឋារចនាសម្ព័ននៅក្នុងអង្គភាពទ័ព។

លោកបានសំណូមពរឱ្យនាយទាហាន នាយទាហានរង ពលទាហានបន្តគាំទ្រ ជឿទុកចិត្ត ចំពោះការគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះកងទ័ព៕