(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ដៃគ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន១៧គ្រួសារ និងរងគ្រោះដោយសារភ្លើងឆេះផ្ទះ ១គ្រួសារ។

ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណសាលាបឋមសិក្សា ស៊ុយ សែម កញ្ជរ ស្ថិតក្នុងភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត និងលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ ព្រមទាំងសមាជិកសមាជិកាសាខា និងអនុសាខាកាកបាទក្រហមខេត្ត ស្រុក ជាច្រើននាក់។

លោក ផាយ ឡេង អភិបាលស្រុកកណ្តៀង បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ មានករណីខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ះពាល់ឃុំ៤ ក្នុងស្រុកកណ្តៀងរួមមាន៖ ឃុំស្រែស្តុក ១ខ្នងផ្ទះ រលំរាបដល់ដី, ឃុំអន្លង់វិល ៣ខ្នងផ្ទះ រលំរាបដល់ដៃ, ឃុំកណ្តៀង ១ខ្នងផ្ទះរបើកដំបូល, ឃុំកញ្ជរ ២៩ខ្នងផ្ទះ និងសាលារៀន ១ខ្នង។

លោកអភិបាលស្រុកបន្ថែមថា សម្រាប់ឃុំកញ្ជរក្នុង២៩ខ្នងផ្ទះនោះ មាន៤ខ្នងផ្ទះ របើកដំបូលសឹងអស់, ៧ខ្នងផ្ទះ កម្រិតមធ្យម, ១៨ខ្នងផ្ទះ កម្រិតស្រាល និង១ខ្នងផ្ទះទើបធ្វើបានប្រហែល២ខែ។ លោកអភិបាលស្រុកបន្តថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលអំណោយមនុស្សធម៌នាពេលនេះ មានចំនួន ១៧គ្រួសារ ក្នុងនោះ៖ មកពីឃុំស្រែស្តុក ១គ្រួសារ, ឃុំអន្លង់វិល ៣គ្រួសារ, ឃុំកណ្តៀង ១គ្រួសារ, ឃុំកញ្ជរ ១២គ្រួសារ និងគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ១គ្រួសារ។

លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ មានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីអាជ្ញាធរ ឃុំ ស្រុក អំពីករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ រលំផ្ទះ និងរបើកដំបូលរួចមក លោកបានណែនាំដល់លោក ខូយ រីដា ប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្ត និងក្រុមការងារ រៀបចំជាអំណោយមកសង្គ្រោះជាបន្ទាន់។

លោកបានបន្តថា នេះគឺជាគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ ហើយនេះ ជាភារកិច្ចរបស់អាជ្ញាធរដែនដី ពិសេសក្នុងនាមជាកាកបាទក្រហម ដែលជាអង្គភាពមនុស្សធម៌ តែងមានភារកិច្ចចុះជួយដោះស្រាយទុក្ខលំបាក របស់បងប្អូនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ទោះបីអំណោយទាំងនេះតិចតួចក្តី តែវាជួយសម្រាលបន្ទុក និងដោះស្រាយជីវភាពប្រចាំថ្ងៃ បានមួយគ្រាៗផងដែរ។

អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនទាំង១៧គ្រួសារ ដែលជួបបញ្ហាដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និងរបើកដំបូល  ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម, តង់ខៀវ១, ភួយ១, មុង១, ក្រមា១, សារុង១, មី១កេស, ត្រីខ១យួរ, ចានស្រាក់១, តែ២កញ្ចប់ និងថវិកា ១០ម៉ឺនរៀល។ បន្ថែមពីនោះទៀត លោក ម៉ៅ ធនិន បានឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល ដល់សាលាបឋមសិក្សា ស៊ុយ សែម កញ្ជរ ដើម្បីទិញគ្បឿងរៀបចំដំបូលសាលារៀនឡើងវិញផងដែរ៕