(ឧត្តរមានជ័យ)៖ គណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ និងក្រុងសំរោង ដឹកនាំដោយលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត លោក អ៊ុន សុភ័ក្រ អភិបាលក្រុង និងកម្លាំងអធិការរដ្ឋាននគរបាលក្រុងសំរោង សហការជាមួយ​ក្រុមប្រឹក្សាសង្កាត់កូនគ្រៀល នាំយកអំណោយរបស់កាកបាទក្រហម ទៅជួយដល់គ្រួសារសពលោក យ៉ុន មួត អាយុ៦០ឆ្នាំ រស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រោយទទួលមរណភាព ដោយសាគ្រោះធម្មជាតិរន្ទះបាញ់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

សកម្មភាពនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ក្នុងនោះមាន អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ មី១កេះ និងថវិកាមួយចំនួនទៀត  រួចបន្តត្រួតពិនិត្យដល់ផ្ទះប្រជាជន ដែលទទួលរងការខូចខាតដួលរលំ របើកដំបូល នៅភូមិខ្ទុំ ភូមិថ្នល់បត់ ភូមិតាម៉ាន ភូមិថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង ដោយសារបាតុភូតធម្មជាតិខ្យល់កន្ត្រាក់លាយភ្លៀង។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ មានខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងធ្លាក់មួយមេយ៉ាងធំ នៅភូមិតាម៉ាន ភូមិខ្ទុំ ភូមិថ្នល់បត់ និងភូមិថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង បណ្តាលខូចខាតផ្ទះប្រជាពលរដ្ឋអស់សរុបចំនួន ៨៧ខ្នងផ្ទះ ក្នុងនោះមានរបើកដំបូលចំនួន៨៣ខ្នង ដួលរលំទាំងស្រុងចំនួន ២ខ្នង ធ្លាក់ពីលើកំណល់ចំនួន ២ខ្នង ក្នុងនោះក៏បណ្តាលឲ្យខូចខាតគោយន្តចំនួន ២គ្រឿង ស្រូវចំនួន២០បាវ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត។

អាជ្ញាធរ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នៅប្រចាំការត្រៀមអន្តរាគមន៍ ដើម្បីដោះស្រាយនូវរាល់សភាព​ការដែលកើតមានឡើង​ជាយថាហេតុ បានទាន់ពេលវេលា និងចេញល្បាតតាមគោលដៅសំខាន់ៗ ដែលងាយរងគ្រោះក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ៕