(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំយន្តការខេត្តពោធិ៍សាត់ បានជាង៣ឆ្នាំកន្លងមកនេះ លោកបានដោះស្រាយបញ្ចប់បញ្ហា​ទំនាស់ដីធ្លីបាន ជិត១៤០ករណី មកហើយ ដោយ​ «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា» ស្របតាមយុទ្ធសាស្រ្ត​ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។

ការបញ្ជាក់របស់លោក ម៉ៅ ធនិន ធ្វើឡើងនៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ ក្នុងឱកាសចុះសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លី ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅស្រុកភ្នំក្រវាញ ចំនួន៥ករណីផ្សេងគ្នា ដោយបានការចូលរួមពី អាជ្ញាធរស្រុក ឃុំ និងភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងកិច្ចដំណោះស្រាយទំនាស់ដីធ្លី ទាំង៥ករណីខាងលើនេះ លោក ម៉ៅ ធនិន បានប្រាប់ភាគីដែលពាក់ព័ន្ធទាំងអស់ថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់កេរិ៍ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា ស្របតាមគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យភាគីទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក។

លោកអភិបាលខេត្ត បានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព រវាងបងប្អូនកូនក្មួយ និងអ្នកភូមិផងរបងជាមួយ គឺមានជារៀងរហូត បើបងប្អូននៅតែបន្ត គឺគ្មានអ្វីដែលនៅសេសសល់នោះទេ វាអស់ទៅថវិកា និងពេលវេលា តែបើបងប្អូនយល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នាហើយនោះ ខ្ញុំនឹងបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ»

សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត របស់លោក ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាង​យល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ។

ជាមួយគ្នានោះ លោក ម៉ៅ ធនិន បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ថា នៅសល់៤០ថ្ងៃទៀតទេ នឹងដល់ថ្ងៃបោះឆ្នោតហើយ។

ប្រជាពលរដ្ឋដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអភិបាលខេត្ត ដែលបានចំណាត់ការដោះស្រាយ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានសន្យថា នឹងទៅចូលរួមបោះឆ្នោតឲ្យគ្រប់គ្នា៕