(អឺរ៉ុប)៖ សន្និបាតសភានៃកុ្រមប្រឹក្សាអឺរ៉ុប (Paliamentary Assembly of the Council of Europe - PACE) បានសម្រេចចិត្តធ្វើការត្រួតពិនិត្យ​លើប្រទេសតួកគី ដោយផ្តោតលើការបង្កើតច្បាប់ គោលនយោបាយប្រជាធិបតេយ្យ និងសិទ្ធិនិងសេរីភាពជាមូលដ្ឋាន។ ក្នុងកិច្ចប្រជុំដំបូងគេនេះមាន​សមាជិក ១១៣រូប បោះឆ្នោតយល់ព្រមឲ្យមានការត្រួត​ពិនិត្យលើ «មុខងារនៃវិទ្យាស្ថាន​ប្រជាធិបតេយ្យ​នៃតួកគី» ខណៈពេលដែល៤៥ រូបទៀតបោះឆ្នោតមិនយល់ព្រម។ នេះបើតាមរបាយការណ៍របស់ Stockholm.org ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

សភាអឺរ៉ុបអាច​នឹងធ្វើការ​ត្រួតពិនិត្យលើការដឹកនាំ និងប្រជាធិបតេយ្យភាព នៃប្រទេសតួកគីដោយសារ​ការបោះឆ្នោតប្រជាមតិដែលទើបនឹងប្រព្រឹត្តទៅ​កាលពីថ្ងៃទី ១៦ មេសាកន្លងទៅ។ សន្លឹកឆ្នោត «យល់ព្រម» ក្នុងការបោះឆ្នោត​ទទួលយក​របបប្រធានាធិបតី​និយមមានជាង ៥១% នឹងផ្តល់អោយ​ប្រធានាធិបតី​បច្ចុប្បន្ន និងគណបក្សកាន់អំណាចនូវអំណាចក្តោបក្តាប់លើប្រព័ន្ធច្បាប់ តុលាការ និងយោធា។  

គួរបញ្ជាក់ផងដែរថា ប្រទេសតួកគីធ្លាប់ស្ថិត​ក្រោមការត្រួតពិនិត្យ​របស់សភាអឺរ៉ុប​ម្តងរួចមកហើយ ប៉ុន្តែការត្រួតពិនិត្យ​អង្កេតការណ៍នេះ ត្រូវបាន​បញ្ចប់នៅឆ្នាំ២០០៤។ ការចាប់ផ្តើមត្រួតពិនិត្យ សាជាថ្មីម្តងទៀតនេះ បង្ហាញពីអស្ថិរភាពរបស់ប្រទេសតួកគី។ សភាអឺរ៉ុបចាត់​ទុកការ​ត្រួតពិនិត្យលើ​មុខងារ​នៃវិទ្យាស្ថានប្រជាធិបតេយ្យ​នៅតួកគី ដើម្បី ផ្សាភ្ជាប់ទំនាក់ទំនង​ជាមួយតួកគី និងជាលិទ្ធិផល​ធានាបាន​នូវសិទ្ធិសេរីភាព និង​លិទ្ធិប្រជាធិបតេយ្យ។

នៅក្នុងការត្រួតពិនិត្យ​នោះទៀតសោត ប្រទេសតួកគីបានធ្វើការ​ស្នើសុំមួយចំនួនដូចជា ការប្រើប្រាស់ពាក្យ «FETÖ» មានន័យថា អង្គការភេរវកម្ម​ ហ្វេធូឡា ហ្គូឡិន ជំនួសអោយ «ចលនាហ្គូឡិន» និង បញ្ឈប់ការប្រើពាក្យ «បន្សុទ្ធកម្ម» នៅក្នុងរបាយការណ៍ ដែលនឹងចេញដោយសភាអឺរ៉ុប។ ជាលទ្ធផលសំណើ​ទាំងនេះត្រូវបានបដិសេធ។

ថ្នាក់ដឹកនាំ​នៃប្រទេសតួកគី​បានបង្ហាញការ​ប្រឆាំង លើទង្វើរបស់សភាអឺរ៉ុប។ នាយករដ្ឋមន្រ្តីតួកគី លោក Binali Yıldırım បានមានប្រសាសន៍ថា «វិទ្យាស្ថានអន្តរជាតិមានទំនោររើសអើងពូជសាសន៍ ហើយការសម្រេចចិត្តរបស់ពួកគេ នឹងបង្ហាញពីទំនោរប្រឆាំងនឹងប្រទេសតួកគីផ្ទាល់»។ ចំណែកមន្ត្រី​ក្រសួងការបរទេសតួកគី​វិញ បានថ្កោលទោសទៅសហភាព​អឺរ៉ុបថា នេះជាទង្វើ​ដើម្បី​កេងចំណេញផ្នែក នយោបាយ និងលើកឡើងថា តួកគីទទួលជនភៀសខ្លួន ៣,២លាននាក់ ដើម្បីប្រឆាំងនឹងអំពើភេរវកម្ម ដែលនេះជាកត្តា​ជួយដល់ស្ថេរភាព សហភាពអឺរ៉ុបទាំងមូល។

គណៈកម្មការ​ត្រួតពិនិត្យ បានលើកឡើងពី​ការយោគយល់លើស្ថានភាពប្រទេសតួកគី ដែលទើបនឹងប្រឈមមុខនឹងរដ្ឋប្រហារ ប៉ុន្តែមានការព្រួយបារម្ភនឹង​ការរំលោភបំពានលើ សិទ្ធិសេរីភាពក្នុងការ​បញ្ចេញមតិ ដែលនឹងប៉ះពាល់ដល់​លិទ្ធិប្រជាធិបតេយ្យ។

តាមរយៈរបាយការណ៍របស់សភាអឺរ៉ុប ១ភាគ៤ នៃព្រះរាជអាជ្ញាធរ និងចៅក្រម ១ភាគ១០នៃប៉ូលិស ៣ភាគ១០នៃបុគ្គលិកក្រសួងការបរទេស និងនិសិ្សត ៥,០០០នាក់ ត្រូវបានបណ្តេញ​ចេញពី​ការងាររបស់ខ្លួនក្រោយ​រដ្ឋប្រហារ។ ដោយមាន​ការរំលោភបំពាន ខណៈពេលប្រទេសត្រូវបាន​ប្រកាស​ឲ្យស្ថិតក្នុងភាពអាសន្ន គណៈកម្មការត្រួត​ពិនិត្យខាងលើ បានស្នើសុំអោយ ប្រទេសតួកគីត្រូវដកចេញការប្រកាសនេះ​ ឲ្យលឿនបំផុតតាមដែលអាច​ធ្វើទៅបាន, ផ្អាកការបង្កើតច្បាប់​មិនឆ្លងកាត់សភា, ដោះលែងសមាជិកសភា, និងដោះលែងអ្នកកាសែតដែលជាប់ឃុំខ្លួន៕