(ព្រះវិហារ)៖ គ្រឿងសម្ភារសំណង់ជាច្រើនប្រភេទ សម្រាប់សាងសង់លំនៅដ្ឋាន​ ត្រូវបានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ​ ដឹកជញ្ជូនយកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋក្រីក្រ​ ដែលខ្វះខាតថវិកា​ទិញគ្រឿងសំណង​សាងសង់ផ្ទះ។ ការប្រគល់ជូននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិបុស្សធំ​ ឃុំប្រមេរុ​ ស្រុកត្បែងមានជ័យ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានលើកឡើងថា ដោយអនុវត្ត​តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ​ ក៏ដូចជាអនុវត្ត​តាមបទបញ្ជាររបស់មេបញ្ជាកាកងរាអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា​  និង​លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហា​រ​ ហើយក្រៅពីកិច្ចការស្នូលក្នុងការថែរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ​ គឺមន្ត្រី និងពលអាវុធហត្ថគ្រប់រូបបានចូលរួមចំណែក ក្នុងកិច្ចការសង្គមជាច្រើន​ ដូចជាជួយសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ​ ជួយបង្កបង្កើនផលប្រជាពលរដ្ឋជាប្រចាំ។

បើតាមលោកមេបញ្ជាការ ជាក់ស្ដែងនៅថ្ងៃនេះ អាវុធហត្ថបាននាំនូវសម្ភារៈសំណង់ជាច្រើនប្រភេទ មកប្រគល់ជូនគ្រួសារក្រីក្រ៣គ្រួសារ ដោយគ្រួសារទី១៖ឈ្មោះ រឿន ឆន ភេទស្រី អាយុ៣៥ឆ្នាំ ទទួលបានសង្ក័សី៣០សន្លឹក​ ដែកគោល៣សុង​ ដែកគោលមួក៣គីឡូ​ ដែកព្រំ៧ម៉ត្រ​ ជើងតាងសរសរ៩, គ្រួសារទី២៖ឈ្មោះ ខុន ហ៊ុន ភេទស្រី អាយ៣៥ឆ្នាំ ទទួលបានសង្ក័សី៣០សន្លឹក​ ដែកគោល៣សុង​ ដែលគោលមួក៣គីឡូ និងជើងតាងសរសរ៩ និង​​គ្រួសារទី៣៖ឈ្មោះ ព្រំ ធាន ភេទស្រី អាយុ៤០ឆ្នាំ ទទួលបានសង្ក័សី៣៥សន្លឹក​ ដែកគោល៣សុង​ ដែកគោលមួក៣គីឡូ​ ដែកព្រំ៧ម៉ែត្រ និងជើងតាងសរសរ១២។ លោកឧត្តមសេនីយ៍ត្រីរូបនេះ បញ្ជាក់ថា សម្ភារៈទាំងនេះទោះបីតិចតួចក្តី​ តែអាចជួយសម្រួលនូវការខ្វះខាត របស់បងប្អូនបានមួយគ្រាៗដែរ។

ជាការឆ្លើយតប ប្រជាពលរដ្ឋដែលទទួលបានអំណោយនេះ មានក្តីរំភើបរីករាយក្រៃលែង​ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកមេបញ្ជាការ និងសហកា​រី ដែលបានគិតគូយកចិត្តទុកដាក់ជួយគាត់ក្នុងគ្រាក្រលំបាក៕