(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះថា លោកនឹងស្នើទៅសាលារាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យជួយចូលរួមសហការ​សម្របសម្រួលដោះស្រាយវិវាទដ៏ស្មុគស្មាញរវាងប្រជាពលរដ្ឋមួយចំនួន ដែលកំពុងមានបញ្ហាទំនាស់រឿងដីឡូត៍ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក្រោយទទួលបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី។

ការថ្លែងបែបនេះ របស់លោក ប្រាជ្ញា សីហា បានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋជាង៨០គ្រួសារ ដែលបានទទួលសេចក្ដី​សម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ បានកើតមានជម្លោះជាបន្តបន្ទាប់ ក៏ព្រោះតែការទន្ទឹងរង់ចាំការបង្កើតគណៈកម្មការចម្រុះពីអាជ្ញាធរ ដើម្បីអនុវត្តសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក្នុងការចុះវាស់វែងកំណត់តាមព្រុំក្បាលដីនីមួយៗ ដើម្បីចូលទៅកាន់កាប់រៀងៗខ្លួន របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ជាមួយគ្នានោះទាក់ទងនឹងជម្លោះដីមួយនេះ លោក បាន ម៉េងទូច ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីរាជការដ៏មាន​មុខមាត់​ម្នាក់ បានចេញមកច្រានចោល និងធ្វើការបកស្រាយជុំវិញករណី ឈ្មួញរកសុីលក់-ទិញដីមួយរូបគឺលោក រដ្ឋ ស្រៀ បានធ្វើការចោទប្រកាន់ទៅលើរូបលោកថា បានរំលោភយកដីរបស់ប្រជាពលរដ្ឋក្នុងតំបន់ដីអភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវនោះ «គឺមិនមែនជាការពិតនោះទេ»ហើយលោកក៏មិនបានដឹងដែរ ព្រោះដីឡូត៍​ទាំងនោះ សុទ្ធតែមានម្ចាស់រៀងៗខ្លួន ហើយមានទាំងប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងមានសេចក្ដីសម្រេចចេញពី​អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក្នុងតំបន់ដីអភិវឌ្ឍន៍ឫស្សីកែវ «តើមានអ្នកណាថ្លើមធំហ៊ាន​ទៅរំលោភយកដីបែបនេះ​ទៅកើត»ព្រោះប្រទេសជាតិមានច្បាប់ទម្លាប់ត្រឹមត្រូវ។

លោក បានបញ្ជាក់ថា «សូមឲ្យលោក រដ្ឋ ស្រៀ គួរបញ្ឈប់សកម្មភាពចោទប្រកាន់នេះចោលទៅ» ហើយបើលោក រដ្ឋ ស្រៀ នូវតែបន្ត បរិហាកេរ្ត៍ ដោយធ្វើការចោទប្រកាន់ដល់រូបលោកថា បានប្លន់រំលោភយកដីឡូត៍របស់ប្រជាពលរដ្ឋ ហើយធ្វើឲ្យបាត់បង់ ទាំងកិត្តិយស និងកេរ្ដិ៍ឈ្មោះបែបនេះទៀត លោកនិងសម្រចដាក់ពាក្យប្ដឹងទៅតាមនិតិវិច្បាប់មិនខាន ដោយមិនលើកលែងឡើយ។

លោក បាន ម៉េងទូច បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បន្ទាប់ពីលេចរិះគន់រូបលោកថា បានប្លន់រំលោភយកដី​របស់ប្រជាពលរដ្ឋ ក្នុងតំបន់ដីអភិវឌ្ឍន៍ឫស្សីកែវរួចមក លោកក៍សូមធ្វើការបកស្រាយបំភ្លឺឡើងវិញ​ជុំវិញករណីដែលលោក រដ្ឋ ស្រៀ ជាឈ្មួញរកសុីទិញ-លក់ដីមួយរូប ក្នុងភូមិសាសស្ត្រខណ្ឌឫស្សីកែវ បានចោទប្រកាន់ថាលោកប្លន់រំលោភយកដី​របស់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា៖តាមជាក់ស្ដែង ដីឡូត៍មាន៤ទីតាំងជាប់ៗគ្នា ដែលកំពុងរងការចោទប្រកាន់ និងទំនាស់ មានឡូត៍លេខ២និងលេខ៤ ជាដីឡូត៍របស់ឈ្មោះ ម៉ម ដួងសុជាតិ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ក្រោយទទួលបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ និងឡូត៍លេខ១ ជារបស់ឈ្មោះ ទ្រី ហេង ហើយនិងឡូត៌លេខ៣ ជារបស់ឈ្មោះ អៀម សុីជាង សុទ្ធតែទទួលបានសេចក្ដីសម្រេចពី​អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដូចៗគ្នា «តើអ្នកណាថ្លើមធំហ៊ានទៅប្លន់ ឫរំលោភយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​បានតាមវិធីណាដែរ»ហើយយមានទាំងអាជ្ញាធរមូលដ្ឋានទទួលស្គាល់ថែមទៀតផង។

ម្យ៉ាងទៀត លោក រដ្ឋ ស្រៀ  ក៏ជាអ្នកស្គាល់ និងរាប់អានគ្នា ហើយលោក រដ្ឋ ស្រៀ ក៍ជាអ្នកទទួលបានសេចក្ដីសម្រេចពី​អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដើម្បីកាន់កាប់ដីរបស់ខ្លួនដូចប្រជាពលរដ្ឋ​ដ៍ទៃទៀតដែរ តែមិនមែននៅក្នុងតំបន់​អភិវឌ្ឍន៍ឫស្សីកែវឡើយ គឺលោក រដ្ឋ ស្រៀ បានទទួលសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ចំនួន២ឡូត៍ ដែលស្ថិតនៅឯភូមិ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ឯណោះទេ។  ចំពោះដីទាំង៤ឡូត៍ជាប់ៗគ្នា ដែលកំពុងមានទំនាស់នេះ ត្រូវបានលោក រដ្ឋ ស្រៀ ដែលជាឈ្មួញកណ្ដាលរកសុីទិញ-លក់ បានធ្វើការសុំទិញពីម្ចាស់ដី ជាច្រើនលើក ច្រើនសារមកហើយ តែសុំទិញមិនបាន។ តែត្រូវរូបលោក «បាន ម៉េងទូច» ជុំនួសមុខឲ្យលោក តាំង ហុកសេង ក៍សម្រេចទិញដីទាំង៤ឡូត៍នេះ បានសម្រេចតែម្ដង ទើបធ្វើឲ្យលោក រដ្ឋ ស្រៀ មានការខឹងសម្បាររហូតទល់សព្វថ្ងៃនេះ។ ដូចនេះ ប្រសិនបើលោក រដ្ឋ ស្រៀ នៅតែមិនព្រមបញ្ឈប់សកម្មភាព ហើយបន្តការវាយប្រហារ បរិហាកេរ្ដ៍ ធ្វើឲ្យបាត់បង់ទាំងកិត្តិយស និងកេរ្ដិ៍ឈ្មោះរបស់លោកជាមន្ត្រីរាជការទេនោះ ប្រាកដជាប្រឈមនិងបណ្ដឹងជាក់ជាមិនខាន។

ទោះបីយ៉ាងណា ពាក់ព័ន្ធការបកស្រាយរបស់លោក បាន ម៉េងទូច ជុំវិញករណីចោទប្រកាន់ពីលោក រដ្ឋ ស្រៀ ថាបានប្លន់​រំលោភយកដីប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ខាងលើនេះ ត្រូវបានលោក ប្រាជ្ញ សីហា កំពុងបន្តធ្វើការស្រាវជ្រាវ ដោយមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា ជាដីរបស់បុគ្គលណា ឲ្យពិតប្រាកដ ព្រោះសុទ្ធតែមានសេចក្ដី​សម្រេច​ចេញពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដូចៗគ្នា។

ដោយឡែក លោក រដ្ឋ ស្រៀ ភ្នាក់ងារ Fresh News នៅមិនអាចទំនាក់ទំនងសុំការពន្យល់បំភ្លឺបាននោះទេ ព្រោះមិនមាន​លេខទូរស័ព្ទទំនាក់ទំនង៕