(ភ្នំពេញ)៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន  បានថ្លែងជំរុញ ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងបន្ដទៀត ក្នុងការលុបបំបាត់ និងព្យាបាលអ្នកញៀនគ្រឿងញៀន ឲ្យមានប្រសិទ្ធិភាព ដើម្បីឆ្លើយតប ទៅនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១​របស់រាជរដ្ឋាភិបាលកម្ពុជា និងពិភាក្សាពីភាពចាំបាច់នៃការបង្កើតអនុក្រឹត្យ ស្ដីពីនិតីវិធីលំអិត សម្រាប់វិធីសាស្ដ្រព្យាបាល ស្ដារនីតិសម្បទា  និងសមាហរណកម្ម អ្នកញៀនគ្រឿងញៀន ស្របតាមមាត្រា១០២ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួង សុខាភិបាល ដែលមានការអញ្ជើញចូលរួមពី ក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិចំនួន១៩ និងតំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ដទាំង២៥ ដែលជាសមាជិកនៃគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្ដានីតិសម្បទាអ្នកញៀនគ្រឿងញៀន ។

រដ្ឋមន្ដ្រីថ្លែងបន្ដថា «កន្លងមកនេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលុបបំបាត់ និងព្យាបាលអ្នកញៀនគ្រឿងញៀន តែខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នា នឹងបន្ដកិច្ចខិតខំប្រឹងប្រែងនេះបន្ដទៀត លើបញ្ហានៃការប្រើបា្រស់គ្រឿងញៀន ក្នុងចំណោមកម្មកររោងចក្រ រួមទាំងពិភាក្សាលើយន្ដការត្រួតពិនិត្យ សម្របសម្រួលរបស់ឃុំ/សង្កាត់ ក្នុងការបញ្ជូនការថែទាមបន្ដ និងស្ដារនីតិសម្បទា អ្នកគ្រឿងញៀន ក្នុងសហគមន៍ លើសពីនេះ ត្រូវធ្វើការផ្សព្វផ្សាយផែនការសកម្មភាពថែទាំ ព្យាបាល ស្ដារនីតិសម្បទា​និងសមាហរកម្មអ្នកញៀន គ្រឿងញៀន សម្រាប់ឆ្នាំ២០១៧ ដោយលេខាធិការដ្ឋាននៃគ.ព.ស.ញ»

ក្នុងកិច្ចប្រជុំនោះ ក៏បានសម្រេចរៀបចំអនុក្រឹត្យស្ដីពីនីតិវិធីលំអិត សម្រាប់វិធីសាស្ដ្រព្យាបាល និងស្ដារនីតិសម្បទាអ្នកញឿនគ្រឿងញៀនផងដែរ៕