(បាត់ដំបង)៖ អ្នកស្រុកថ្មគោលវ័យ២៦ឆ្នាំម្នាក់បានទិញឆ្នោតកីឡាជាតិបានចំនួន១០សន្លឹក នៅថ្ងៃទី២៥ ខែមសា ឆ្នាំ២០១៧នេះ មានសំណាងឈ្នះរង្វាន់ទឹកប្រាក់៨លាន៨សែនរៀល នេះជាលើកទី១ហើយនៅខេត្តបាត់ដំបង ដែលក្រុមការងារបើករថយន្តពីភ្នំពេញយករង្វាន់ទៅជូនដល់ផ្ទះមិនឲ្យលើសពី១ថ្ងៃឡើយ។

លោក ពៅ ហួរហរិ តំណាងក្រុមហ៊ុនឆ្នោតកីឡាជាតិបានឲ្យដឹងថា អ្នកដែលត្រូវឆ្នោតរង្វាន់ធំនេះ មានឈ្មោះ លឿង លីហួយ ភេទស្រីអាយុ២៦ឆ្នាំ មុខរបរ លក់គុយទាវ កាហ្វារនៅផ្ទះ រស់នៅភូមិថ្មគោលឃុំតាពូងស្រុកថ្មគោលខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា អតិថិជនរូបនេះបានទិញកីឡាជាតិយើងចំនួន១០សន្លឹកប៉ុណ្ណោះ ស្រាប់កោសទៅឃើញឈ្នះរង្វាន់​នៅសន្លឹកទី៦ ដែលមានលេខឈ្នះទឹកប្រាក់ចំនួន៨លាន៨សែនរៀល ពួកក្រុមគ្រួសារគាត់បានសប្បាយរំភើបរីករាយ​បន្ទាប់ពីកោសសន្លឹកឆ្នោតបានឈ្នះរួច។

តំណាងក្រុមហ៊ុនរូបនេះបានបន្តថា អតិថិជនណាបានទិញឆ្នោតកីឡាជាតិនេះ គឺបានចូលរួមលើកស្ទួយវិស័យកីឡាជាតិយើង មិនតែប៉ុណ្ណោះក៏បានចូលរួមដើម្បីលើកស្ទួយវិស័យជាតិ(ស៊ីហ្គេម) នៅឆ្នាំ២០២៣ ដោយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ៕