(ភ្នំពេញ)៖ ​លោក​ ឡុង​ រី​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បន្ទាយ​មានជ័យ​ ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កោះ​អញ្ជើញ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មេសា​នេះ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ នៃបន្លំ​ខ្លួន​ចូល​ពន្ធនាគារ​របស់​លោក​ ហួត​ ឃីន​វុទ្ធី​ ហៅ​ជុន​ ច័ន្ទ​បុត្រ​ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា​ ដែល​ត្រូវ​តុលាការ​កោះ​ហៅ​ក្នុង​នាម​ជា​ជនសង្ស័យ​ នា​ព្រឹក​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ខាង​មុខ​ ។​

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានថ្លែងប្រាប់អង្គភាពមាន Fresh News ឲ្យដឹងថា «សាក្សីដែលត្រូវបានកោះហៅដោយតុលាការ មានកាតព្វកិច្ចតាមផ្លូវច្បាប់៖ ១. ត្រូវចូលតាមការកោះហៅ! ២.ត្រូវបង្ហាញការពិតដល់តុលាការនូវអ្វីដែលខ្លួនបានដឹង! ប្រសិនបើមិនអនុវត្តនូវកាតព្វកិច្ចខាងលើនេះទេ គឺអាចប្រឈមនឹងមាត្រា ៥៣៨ និងមាត្រា ៥៤៥ នៃក្រមព្រហ្មទណ្ឌ!»

លោក​ គឹម​ សន្តិភាព​ បានថ្លែង​បញ្ជាក់ទៀតថា​ បើមិនចូលខ្លួន នៅថ្ងៃកោះហៅក្នុងនាមសាក្សី នោះជាបទល្មើសជាក់​ស្តែង «បទបដិសេធក្នុងការចូលខ្លួន»!។ លោក​ បន្ថែម​ថា​ យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ពុំមានចែងហាមឃាត់មិនឲ្យមានការកោះហៅ តំណាងរាស្ត្រពីស្ថាប័នតុលាការនោះទេ។

មជ្ឈដ្ឋាន​មួយ​ចំនួន​ នៅ​ចាំ​បាន​ថា​ លោក​ កឹម​ សុខា​ កាល​នៅ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ពី​បទល្មើស​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ នេះ​ ព្រោះ​ខកខាន​មិន​បាន​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ ពាក់ព័ន្ធ​ករណី​អ្នក​នាង​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ តែ​ទោស​នេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ តាម​សំណើ​របស់​សម្ដេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕