(ភ្នំពេញ)៖ ក្រោយកើតរឿងករណីលោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលពន្ធនាគារជាមួយគណបក្សសង្គ្រោះជាតិ មាន Facebook ជាបន្តបន្ទាប់របស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) បានបង្ហោះសាច់រឿងផ្ទៃក្នុងវិទ្យុមួយនេះ ដែលយើងទាំងអស់គ្នានិងមនុស្សជាច្រើននាក់មិននឹកស្មានដល់។ ខ្លឹមសារហាក់បង្ហាញថា នៅទីនោះមានភាពអមនុស្សធម៌ ខ្លោចផ្សារយ៉ាងដំណំ និងមានសភាពដូចឋាននរកលោកីយ៍មួយ។ សូមបង្ហាញនូវសម្រង់សាច់រឿងខ្លះៗដែល អតីតបុគ្គលិកវិទ្យុនេះបានលាតត្រដាង ដើម្បីស្វែងយល់ទាំងអស់គ្នា៖
សាររបស់លោក ថៃ សុធា អតីតអ្នកគ្រប់គ្រងគេហទំព័រវិទ្យុអាស៊ីសេរី ហើយបច្ចុប្បន្នអ្នកបកប្រែភាសាអង់គ្លេស៖
សារទី១៖ «អាស៊ីសេរី អត់សមត្ថភាពស៊ើបអង្កេតរឿងខ្លួនឯងទេឬអី ទើបទៅជ្រកក្រោមក្លៀក បក្សសង្គ្រោះជាតិ ចូលទៅពន្ធនាគារ?»។
សារទី២៖ «១) បើចូលមិនលួចលាក់ គឺត្រូវបង្ហាញអត្តសញ្ញាណច្បាស់លាស់ក្នុងនាមស្ថាប័ន។ ក្រែងបង្រៀនអ្នកកាសែតឲ្យពាក់កាតកាសែត កាតស្ថាប័ន ដែរតើ!? ២) បើបន្លំ ចាំបាច់អីទៅបន្លំខ្លួនជាមួយបក្សសង្គ្រោះជាតិ បើខ្លួនឯងអព្យាក្រិត!?»។
* សាររបស់លោក អ៊ំ សារិន អតីតនិពន្ធនាយកវិទ្យុអាស៊ីសេរី បច្ចុប្បន្នជាប្រធានសមាគមការពារអ្នកកាសែត CAPJ៖
សារទី១៖ «អ្នកនៅបន្ទប់ម៉ាស៊ីនត្រជាក់ ១០០០០គីឡូ ពីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍មួយ ដូចចាក់ប្រេងសាំងចូលភ្លើងថែម។ សួរដូចឆ្ងល់ តើអាជ្ញាធរអាមេរិក ឲ្យអ្នកកាសែតនៅស្រុកអាមេរិក ទៅមន្ទីរឃុំ អត់សំបុត្រស្នាមសុំចឹងដែរឬអី? ហើយអាស៊ីសេរី ហ៊ានចេញលិខិតដាក់អាជ្ញាធរ អាមេរិក ចឹងដែរឬអី?»។
* សាររបស់អ្នកស្រី គឹម ពៅសុតន្ត អតីតការីជាន់ខ្ពស់នៃវិទ្យុអាស៊ីសេរី ដែលសព្វថ្ងៃរស់នៅនិងធ្វើការនៅប្រទេសបារាំង៖
សារទី១៖ «វីរៈបុរស ជុន ច័ន្ទបុត្រ របស់លោកបានធ្វើឲ្យ សុខ សេរី ស្លាប់, សម បូរិន្ទ ស្លាប់។ ពួកយើងមិនថោកទាប ហើយមិនល្ងង់ខ្លៅ ដូចលោកថានោះទេ ។ សូមលោកឈរលើទស្សនៈ យុត្តិធម៌ និងការពិតខ្លះផងលោក!»។
សាររបស់លោក អ៊ុំ សារិន បច្ចុប្បន្នជាប្រធានសមាគមការពារអ្នកកាសែត CAPJ «បើជ្រុលរំលឹកហើយ និយាយមួយម៉ាត់ចុះ។ សេរី ជាមនុស្សល្អ មិនពុករលួយ មិនបក្ខពួក កាន់លុយមិនបាត់ ធ្វើឲ្យអាមេរិកកាំងទុកចិត្ត។ ក្រោយពេលបានឡើងតំណែង ដោយកម្ចាត់សត្រូវចោលហើយ លោក សម ប៉ូលី ហៅ នាយក្របី ដែលមិនចេះអី ចេះតែប្រើកម្លាំង ដូចក្រុម Gangster បានប្រមូលបក្ខពួក ដោយហៅ មាណព ជុន ច័ន្ទបុត្រ ដែលត្រូវគេដេញចោលកន្លងមក ដោយសារកិបកេង លុយបេសកកម្មនោះ មកធ្វើការវិញ ហើយមានតំណែងជានាយករង (ពិត)។ មកដល់វិញភ្លាម នាយ ប៉ូលី និង នាយ បុត្រ បានចាត់ចែងដកលោក សុខ សេរី ចេញពីមុខងារ ជា Office Manager RFA ភ្លាម ដើម្បីក្រុមខ្លួនងាយចាយលុយបន្លំ ដោយធ្វើបញ្ជីពីរ, មួយគឺ បញ្ជីចំណាយពិត មួយទៀតជាបញ្ជីចាយពន្លើស។ ក្រោយមកទៀតដោយលោក សេរី ចេះតែ រាយការណ៍ទៅអាមេរិកកាំងពេក គេបានហាម លោក សេរី មិនឲ្យផ្ញើរ Email ទៅអាមេរិកកាំងផ្ទាល់ទេ។ ក្រោយមកគេដេញចេញក្រៅបន្ទប់ ហើយរកមើលកំហុស ជាបន្តបន្ទាប់រហូតដេញ សេរី ចោល។ នៅពេលលោក សេរី ស្លាប់ (លោកបានទៅធ្វើការនៅ TV South East Asia) បុគ្គលិក អាស៊ីសេរី មួយចំនួនមិនហ៊ានទៅចូលរួមទេ។ ព្រោះគេចាត់ទុកថា អ្នកចេញពី អាស៊ីសេរី ភាគច្រើនជាខ្មាំងអង្គការ។ សុំសង្ខេបប៉ុណ្ណឹងចុះដើម្បីចែករំលែកដល់អ្នកមិនដឹងដើម្បីជ្រាបនិងសើមខ្លះ»។
សាររបស់អ្នកស្រី គឹម ពៅសុតន្ត ដែលសព្វថ្ងៃរស់នៅប្រទេសបារាំង៖
សារទី២៖ «មិត្តសំលាញ់! សេរី អើយ អើយ សេរី! អ្នកនៅក្នុងផ្នូរ តើឯងលឺយើងហៅទេ? យុត្តិធម៌ ដែលយើងរង់ចាំ បានមកដល់ហើយ ណាសំលាញ់! យើងចាំមិនភ្លេច ថ្ងៃឯងជួយរៀបចំអីវ៉ាន់ឲ្យយើង ជូនយើងចេញពីការិយាល័យ! គ្នាយើងបីនាក់កាន់ដៃគ្នា យើងជាជនទី១ ដែលគេកំទេច! ឯងស្រក់ទឹកភ្នែក ឯងប្រាប់យើងថា យុត្តធម៌ និងមាន! សំលាញ់ចិត្តអើយ ហេតុអី ឯងមិនចាំឲ្យបានដល់ថ្ងៃនោះ! យើងនិងអ្នកឯទៀត បានឃើញហើយនៃការដាក់ទណ្ឌកម្ម របស់ទេវតា! តើឯងនៅក្នុងផ្នូរបានដឹងទេ? មិត្តសំលាញ់»។
ក្នុងអង្គភាពវិទ្យុមួយនេះ បុគ្គលិកសរុបទាំងនៅអាមេរិកនិងភ្នំពេញ គឺមានចំនួនប្រមាណ៣០នាក់ប៉ុណ្ណោះ ក៏ប៉ុន្តែបុគ្គលិកដែលបានលាឈប់ និងបញ្ឈប់យ៉ាងហោចមាន ២៧នាក់ដូចជា៖ អ្នកស្រី ទេព សុរ៉ាវី, អ្នកស្រី អ៊ុក សាវបូរី, លោក អ៊ំ សារិន, លោក អាន ស៊ីថាវ, លោក វ៉ាន់ វាចារ, លោក មុំ សុផុន, លោក សុខ សេរី, អ្នកស្រី គឹម ពៅសុតន្ត, លោក វោហារ ជាតិ, លោក ហាស់ សាន, អ្នកស្រី សៀង សោភ័ណ្ឌ, លោក សាន សុវិទ្ទ, លោក ផាន សុផាត, លោក មណ្ឌលកែវ, អ្នកស្រី មឿង ទុំ, លោក ថៃ សុធា, លោក ផាន់ អាណា, លោក ពេជ្រ ប៊ុនរ៉ា, អ្នកស្រី កែវ ពេជ្រមេត្តា, អ្នកស្រី ហិន យ៉ានី ហៅ កេស រន្និយ៉ា, អ្នកស្រី ខែ សុណង, លោក សួន សុផលមុនី, អ្នកស្រី ឃឹម សារ៉ង, លោក ពិន សំខុន, លោក ម៉ាយ៉ារិទ្ធ, លោក សំ បូរិន្ទ និងលោក កឹម សុស។ ក្នុងនោះអ្នកដែលស្លាប់ក្នុងការងារគឺសពលោក ឃឹម សារ៉ង។ អ្នកដែលឈឺចិត្តរួមទាំង ស្លាប់ដោយជំងឺទាំងក្មេងវ័យគឺសពលោក សំ បូរិន្ទ និងសពលោក សុខ សេរី។
បើនិយាយពីច្បាប់ការងារវិញ ចំពោះបុគ្គលិកខ្មែរនៅភ្នំពេញ គឺវិទ្យុនេះឲ្យកិច្ចសន្យាបែបស៊ីឈ្នួលម៉ៅការ ប៉ុន្តែរបៀបចាត់ចែងការងារជាបុគ្គលិកពេញសិទ្ធិផ្លូវការ។ ការដែល វិទ្យុនេះធ្វើកិច្ចសន្យាបែបនេះ គឺដើម្បីគេចចេញពីការទទួលខុសត្រូវចំពោះច្បាប់ការងារនៅកម្ពុជា។ មូលហេតុអ្វីបានជាគេឃើញអតីតបុគ្គលិកខ្មែរ ប្តឹងវិទ្យុនេះទៅតុលាការ ជាបន្តបន្ទាប់ គឺដោយសារតែកិច្ចសន្យាដែលចាត់ទុកបុគ្គលិក អ្នកសារព័ត៌ខ្មែរជាអ្នកស៊ីឈ្នួលម៉ៅការនេះឯង!
ទីបំផុត! នៅតែមានការពិតដែលមិនអាចបិទបាំងបាន។ សូមមេត្តាពិចារណាដោយឧត្តមគតិ និងសុភវិនិច្ឆ័យចំពោះសោកនាដកម្មក្នុងវិទ្យុមួយនេះ៕
ដោយ៖ ស្រីសរ