(ភ្នំពេញ)៖ យោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាយប់ថ្ងៃទី២៨ ខែមេសានេះឲ្យដឹងថា ក្រសួងយុត្តិធម៌នឹងរៀបចំកម្មវិធី ជួបជុំអ្នកកាសែតដ៏សំខាន់មួយ នៅចំថ្ងៃលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅតុលាការ នៅថ្ងៃទី០២​ ខែឧសភា ឆ្នាំ២០១៧។

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌បានបង្ហាញថា ក្រសួងយុត្តិធម៌ នឹងរៀបចំឱ្យមាន «វគ្គស្វែងយល់ពិសេស អំពីក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ក្នុងគោលបំណងបកស្រាយនូវចម្ងល់នានា របស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទាក់ទងនឹងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានស្វែងយល់កាន់តែច្បាស់លាស់អំពីចំណាត់ការនីតិវិធីនានារបស់អយ្យការ និងតុលាការកម្ពុជា ក្នុងដំណើរការសំណុំរឿងព្រហ្មទណ្ឌ នៅម៉ោង ២៖៣០នាទីរសៀល ដល់ម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧»

ការប្រកាសរបស់ក្រសួងយុត្តិធម៌ឲ្យជួបជុំកាសែត នៅចំថ្ងៃលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅតុលាការ, ត្រូវបានក្រុមអ្នកវិភាគឈ្មោះ ចៅចាក់ស្មុក លើកឡើងថា «នៅថ្ងៃនោះ ប្រហែលជាមិនមែនជាការជួបជុំតែប៉ុណ្ណោះ អាចជាការធ្វើសន្និសីទកាសែតសំខាន់មួយ ព្រោះថានៅថ្ងៃនោះទំនងអាចមានអ្វីកើតឡើងពិសេសមួយ ទើបបានក្រសួងយុត្តិធម៌ ប្រកាសជួបជុំ និងពន្យល់អ្នកកាសែតបែបនេះ, ដើម្បីកុំឲ្យសារព័ត៌មានជាតិនិងអន្តរជាតិ យល់ច្រឡំអំពីការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌនៅកម្ពុជា»

ឆ្លើយតបនឹងការប្រកាសនេះផងដែរ អ្នកវិភាគចៅចាក់ស្មុក បានថ្លែងចំៗក្នុងនាមទស្សនៈផ្ទាល់ខ្លួនថា «សង្ស័យក្រសួងយុត្តិធម៌រៀបចំសន្និសីទបំភ្លឺកាសែត ក្រោយពីតុលាការ សម្រេចឃុំខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃចូលបំភ្លឺតុលាការ»

សូមជំរាបថា ទាំង​លោក​ ឡុង​ រី​ និង​ លោក​ស្រី​ មូរ​ សុខ​ហួរ​ ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បំពេញ​កាតព្វកិច្ច​ចូល​បំភ្លឺ ​ក្នុង​នាម​ជា​សាក្សី​ចំពោះ​មុខ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ រួច​ហើយ​។​ មជ្ឈដ្ឋាន​មួយ​ចំនួន​រង់ចាំ​មើល​ថា​ តើ​លោក​ ហួត​ ឃីន​វុទ្ធី​ ហៅ​ ជុន​ ច័ន្ទ​បុត្រ​ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា​ ហ៊ាន​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​ដែរ​ឬទេ​ ?​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ធ្លាប់​ព្រមាន​ថា​ តំណាង​អយ្យការ​អាច​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ ប្រសិន​បើ​រក​ឃើញ​ធាតុ​ផ្សំ​នៃ​បទល្មើស​ព្រហ្មទណ្ឌ​។

កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ហួត វុទ្ធី​ ហៅ​ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃ។ ចំពោះករណីនេះតុលាការសម្រេចចេញដីកាកោះហៅជនសង្ស័យ ជុន ច័ន្ទបុត្រ មកបំភ្លឺនៅតុលាការនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕