(ភ្នំពេញ)៖ សមាគមអ្នកសាងសង់កម្ពុជា នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បានរៀបចំពិធីជួបសំណេះសំណាល និងទំនាក់ទំនងធុរកិច្ចលើកទី៧ ក្នុងគោលបំណងដើម្បីចរចារតម្លៃ និងដឹងនូវអ្វីដែលជាតម្រូវការក្នុង​វិស័យសំណង់នាពេលបច្ចុប្បន្ន ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា ដែលធ្វើឡើង នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។

ថ្លែងនៅក្នុងពិធីខាងលើនេះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឲ្យដឹងថា សមាគមអ្នក​សាងសង់កម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន មានអាយុប្រមាណ៦ឆ្នាំហើយ ដែលសមាជិក​ទាំងអស់សរុបប្រមាណ១៣០ ក្រុមហ៊ុន ក្នុងនោះមាន ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង ក្រុមហ៊ុមលក់សម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ ក្រុមហ៊ុនអចលនទ្រព្យ រោងចក្រផលិតបេតុង ក្រុមហ៊ុនដឹកជញ្ជូន សម្ភារៈសំណង់ ក្រុមហ៊ុនធ្វើវិសោធន៍ដី ក្រុមហ៊ុនធ្វើគ្រឹះ ក្រុមហ៊ុនសេវាកម្មលក់អចលទ្រព្យ និងក្រុមហ៊ុនពាក់ព័ន្ធ នឹងការងារសាងសង់ច្រើនផ្សេងៗទៀត។

អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់ថា «ហើយក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានខ្លះជាក្រុមហ៊ុន ឫសាខារបស់ក្រុមហ៊ុន​មកពីបណ្ដាប្រទេសមួយចំនួនដូចជា៖ ចិន ជប៊ុន កូរ៉េ ថៃ សឹង្ហបុរី ស៊ុយអ៊ែត ស្វីសហេ្សលែន ម៉ាឡេស៊ី អូស្រ្ដាលី អាល្លីម៉ង បារាំង វៀតណាម ឥណ្ឌូនេស៊ី រុស្សី...។ល។» ។

អ្នកឧកញ៉ាបានបន្ថែមទៀតថា នៅក្នុងឆ្នាំនេះ សមាគមនឹងរៀបចំការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា នៅថ្ងៃទី៣០ ខែវិចិ្ឆកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្យ ដែលមានប្រមាណជា៣០០ស្ដង់ និងមកពីជាង២០០ក្រុមហ៊ុន ដើម្បីបង្ហាញ និងលក់ផលិតផល សម្ភារៈឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ និងក៏មានការដាក់តាំង និងលក់គម្រោងសាងសង់ផ្ទះសម្បែង ព្រមទាំងបច្ចេកទេសវិទ្យាសាងសង់ទំនើបៗដូចជា ការតម្លើងប្រព័ន្ធទឹក អគ្គីសនី ម៉ាស៊ីនត្រជាក់ កាមេរ៉ាសុវត្ថិភាព សេវាកម្មធានារ៉ាប់រង និងធនាគារ សរុបទាំងអស់​មានផលិតផលប្រមាណជាង៦០០ប្រភេទ ដែលជាផលិតផលក្នុងស្រុក និងនាំចូលមកពីបណ្ដាប្រទេសនានា​លើពិភពលោកផងដែរ។

សូមជម្រាបថា ការបង្កើតកម្មវិធីជួបជុំសំណេះសំណាល និងទំនាក់ទំនងធុរកិច្ចនេះឡើង គឺដើម្បីផ្ដល់ឱកាសជូនសមាជិក​សមាគមនីមួយៗ ឫអ្នកទិញ និងអ្នកផ្គត់ផ្គង់សម្ភារៈ បរិក្ខារ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ បានធ្វើការជួបជុំ​សំណេះសំណាល​ពិភាក្សា និងទំនាក់ទំនងធុរកិច្ចជាមួយគ្នាដោយផ្ទាល់ ដើម្បីចរចារតម្លៃ និងដឹងនូវអ្វីដែលជាតម្រូវ
ការក្នុងវិស័យសំណង់នាពេលបច្ចុប្បន្ន ហើយពិធីធុរកិច្ចនេះ សមាគមរៀបចំ៣ដងយ៉ាងតិចក្នុង១ឆ្នាំ៕