(ភ្នំពេញ)៖ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីក្របខណ្ឌថ្មីស្តីពី «ការតម្រង់ទិសមន្រ្តីរាជការក្របខណ្ឌថ្មី» លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បានដាក់អនុសាសន៍ណែនាំចំនួន៨ចំណុច ដល់មន្រ្តីរាជការក្របខណ្ឌថ្មី នៃក្រសួងទេសចរណ៍ ចំនួន១០១នាក់ ពីរបៀបរបបធ្វើការងារជាមន្រ្តីរាជការ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តការងាររបស់ខ្លួន។    

លោករដ្ឋលេខាធិការ បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ និងចងចាំទុកនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

* ត្រូវគោរពសិទ្ធិ និងកាតព្វកិច្ចមន្រ្តីរាជការ ដែលមានចែងក្នុងខ្លឹមសារ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ឱ្យមានប្រសិទ្ធភាពខ្ពស់។

* ត្រូវគោរពវិន័យ និងឋានានុក្រមក្នុងពេលបំពេញការងារ។
* បន្តការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ និងផែនការសកម្មភាពរបស់ក្រសួង និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល។

* ត្រូវប្រើប្រាស់ចំណេះដឹង បទពិសោធន៍ និងសមត្ថភាពការងារដែលមានស្រាប់ឱ្យចំគោលដៅ និងអភិវឌ្ឍន៍សមត្ថភាពការងារថ្មីៗបន្ថែមទៀត ដោយផ្អែកគោលការណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ»។

* ត្រូវចូលរួមផ្សព្វផ្សាយពីសក្តានុពល សេវាកម្ម និងផលិតផលទេសចរណ៍ តាមគ្រប់រូបភាព ពិសេសផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាព័ត៌មានវិទ្យា។

* ត្រូវមានស្មារតីសាមគ្គីភាព ភាតរភាព និងកិច្ចសហការល្អ ជាមួយសហការី និងគ្រួសារមន្ត្រី រាជការក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

* មិនត្រូវចាញ់បោកចំពោះការញុះញង់ ឬបញ្ចុះបញ្ចូលពីមជ្ឈដ្ឋានអគតិខាងក្រៅ ឱ្យចូលរួមក្នុងយុទ្ធនាការផ្សេងៗ ដែលបង្កជាភាពចលាចលក្នុងសង្គមជាដាច់ខាត។

* ជំហរជាមន្ត្រីល្អ និងជាមន្ត្រីគំរូ ដើម្បីបម្រើអង្គភាព ប្រទេសជាតិ និងមាតុភូមិកម្ពុជា។

លោកបន្តថា តាមរយៈផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ ឆ្នាំ២០១២-២០២០ និងផែនការកំណែទម្រង់វិស័យទេសចរណ៍ ឆ្នាំ២០១៥-២០១៨ ក្នុងការជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ដើម្បីស័ក្តិសមជា «ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» ដល់ភ្ញៀវទេសចរ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ នៅឆ្នាំ២០២០ ដែលនឹងនាំមកនូវប្រាក់ចំណូលសរុប ៥ពាន់លានដុល្លារ ព្រមទាំងបង្កើតការងារដោយផ្ទាល់ ជិត១លាននាក់។

ការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិលនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ដែលនៅតែបន្តចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាការងារអាទិភាពចម្បងមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ គឺផ្លូវ ទឹក ភ្លើង និងមនុស្ស។ ជាមួយនេះ ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ គឺជាផ្នែកមួយដែលមាននៅក្នុងយុទ្ធសាស្ត្រទី៥ នៃគោលនយោបាយធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ នោះគឺ «ផ្តល់ការបណ្តុះបណ្តាល និងលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាល»។

សូមជម្រាបថា ក្នុងឆ្នាំ២០១៦ កន្លងទៅ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន ៥លាននាក់ កើនឡើង៥% ដោយបាននាំមកនូវចំណូលជូនជាតិ ៣ពាន់លានដុល្លារអាមេរិក និងបង្កើតការងារដោយផ្ទាល់ដល់ប្រជាជន ៦២ម៉ឺននាក់ រួមចំណែក១៣% នៃផលិតផលក្នុងស្រុកសរុប៕