(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសមួយ ដែលជំរុញឲ្យអភិបាលរាជធានី-ខេត្ត បន្ដការយកចិត្តទុកដាក់ត្រួតពិនិត្យ និងណែនាំដល់មន្ដ្រីក្រោមឱវាទ អំពីការផ្ដល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋ។

​សេចក្ដីប្រកាសដែលចុះហត្ថលេខាដោយសម្ដេច ស ខេង បញ្ជាក់ថា ដើម្បីទប់ស្កាត់បាតុភាពអសកម្មផ្សេង ក្រសួងមហាផ្ទៃ ស្នើអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ជំរុញការពង្រឹងការអនុវត្ត ធ្វើការត្រួតពិនិត្យ និងណែនាំដល់មន្ដ្រីក្រោមឱវាទ ឲ្យបំពេញការងារភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវារដ្ឋបាលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយនឹងការជំរុញបែបនេះ សម្ដេចក្រឡាហោម បានសម្ដែងនូវការកោតសរសើរដល់រដ្ឋបាលរាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវារដ្ឋបាលល្អប្រសើរ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយភាពក្រីក្រ៕