(ភ្នំពេញ)៖ បន្ទាប់ពីមានការជូនដំណឹងរបស់ក្រសួងយុត្តិធម៌ថា នឹងរៀបចំកម្មវិធីជួបជុំអ្នកកាសែតដ៏កម្រនិងដ៏សំខាន់មួយ នៅថ្ងៃទី០២​ ខែឧសភា ឆ្នាំ២០១៧ ពោលគឺចំថ្ងៃលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅតុលាការតែម្តង ត្រូវបានក្រុមអ្នកវិភាគមួយចំនួនយល់ឃើញថា អាចជាការធ្វើសន្និសីទកាសែត ក្រោយឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ តែប៉ុណ្ណោះ បន្ទាប់ពីរូបលោកចូលខ្លួនទៅបំភ្លឺនៅតុលាការ។

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌បានបង្ហាញថា ក្រសួងយុត្តិធម៌ នឹងរៀបចំឱ្យមាន «វគ្គស្វែងយល់ពិសេស អំពីក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ក្នុងគោលបំណងបកស្រាយនូវចម្ងល់នានា របស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទាក់ទងនឹងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានស្វែងយល់កាន់តែច្បាស់លាស់អំពីចំណាត់ការនីតិវិធីនានារបស់អយ្យការ និងតុលាការកម្ពុជា ក្នុងដំណើរការសំណុំរឿងព្រហ្មទណ្ឌ នៅម៉ោង ២៖៣០នាទីរសៀល ដល់ម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧»

ជុំវិញការរៀបចំជួបជុំអ្នកកាសែតដ៏កម្ររបស់ក្រសួងយុត្តិធម៌ ចំថ្ងៃទី០២ ខែឧសភាជាថ្ងៃដែលលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅតុលាការ អ្នកតាមដាន ស្ថានភាពនយោបាយ ឈ្មោះ «បក្សីចាំក្រុង» បានផ្តល់ការវិភាគប្រាប់បណ្តាញព័ត៌មាន Fresh News ថា «សេចក្តីប្រកាសជួបជុំរបស់ក្រសួងយុត្តិធម៌នេះ ហាក់មានអត្ថន័យបង្កប់។

ទី១៖ នេះជាការជួបជុំរវាងអ្នកកាសែត និងអ្នកច្បាប់ បន្ទាប់ពីមាននីតិវិធីតុលាការជុំវិញរឿងលោក ជុន ច័ន្ទបុត្រ មេអ្នកកាសែតនៅអាស៊ីសេរី បន្លំខ្លួនជាមួយបក្សសង្រ្គោះជាតិចូលពន្ធនាគារ។

ទី២៖ ការប្រកាសរបស់ក្រសួងយុត្តិធម៌ហាក់មានការប្រញ៉ាប់ប្រញាល់ ធ្វើឡើងនៅយប់ថ្ងៃសុក្រ មុនថ្ងៃឈប់សម្រាក ដែលត្រូវចូលធ្វើការនៅថ្ងៃទី២ ឧសភា ព្រោះថ្ងៃទី ១ ឧសភា ជាថ្ងៃឈប់សម្រាក។

ទី៣៖ ការជួបជុំនេះ គាប់ជួនពេលវេលាដែលលោក ជុន ច័ន្ទបុត្រ ចូលខ្លួនក្នុងឋានៈជនសង្ស័យនៅចំពោះមុខតុលាការ ហើយការជួបជុំនេះធ្វើក្រោយម៉ោង ចូលខ្លួនរបស់លោក ជុន ច័ន្ទបុត្រ។

ទី៤៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្លាប់បញ្ជាក់ហើយថា តាមផ្លូវច្បាប់ តុលាការមានសិទ្ធិឃាត់ខ្លួនជនសង្ស័យ ដូចករណីអ្នកវិភាគ គឹម សុខ។

ទី៥៖ សាក្សីដាក់បន្ទុក គឺបានចូលខ្លួនអស់ហើយ។ ដូចនេះបើមិនមែនជាសន្និសីទកាសែតដើម្បីពន្យល់អំពីការឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ តើជាអ្វីទៅវិញ?»

អ្នកវិភាគដដែលរូបនេះ ក៏បានបង្ហាញទស្សនៈដែរថា ជារឿងដែលគួរឲ្យស្តាយដែល លោក ជុន ច័ន្ទបុត្រ ភ្លាត់ស្នៀត នៅពេលបន្លំចូលពន្ធនាគារតាម គណៈប្រតិភូបក្សប្រឆាំង ដែលគ្រប់គ្នាយល់ច្បាស់ថា នេះគឺជាការស៊ុគ្រលំនយោបាយ រៀបចំសេណារីយ៉ូមុនពេលបោះឆ្នោត។ កំហុស គឺពិតជាមាន តែជាកំហុសលើកទីមួយ ដែលគួរតុលាការពិចារណា!

សូមជំរាបថា ទាំង​លោក​ ឡុង​ រី​ និង​ លោក​ស្រី​ មូរ​ សុខ​ហួរ​ ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បំពេញ​កាតព្វកិច្ច​ចូល​បំភ្លឺ ​ក្នុង​នាម​ជា​សាក្សី​ចំពោះ​មុខ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញរួច​ហើយ​។​ មជ្ឈដ្ឋាន​មួយ​ចំនួន​រង់ចាំ​មើល​ថា​ តើ​លោក​ ហួត​ ឃីន​វុទ្ធី​ ហៅ​ ជុន​ ច័ន្ទ​បុត្រ​ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា​ ហ៊ាន​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​ដែរ​ឬទេ​ ?​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ធ្លាប់​ព្រមាន​ថា​ តំណាង​អយ្យការ​អាច​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ ប្រសិន​បើ​រក​ឃើញ​ធាតុ​ផ្សំ​នៃ​បទល្មើស​ព្រហ្មទណ្ឌ​។

កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ហួត វុទ្ធី​ ហៅ​ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្ស សង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃ។ ចំពោះករណីនេះតុលាការសម្រេចចេញដីកាកោះហៅជនសង្ស័យ ជុន ច័ន្ទបុត្រ មកបំភ្លឺនៅតុលាការនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕