(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីជនសង្ស័យ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា បានរត់គេចខ្លួនទៅសហរដ្ឋ អាមេរិកដោយមិនចូលបំភ្លឺតាមការកោះហៅ ក៏ដូចជាការសន្យាតាមរយៈលិខិតរបស់ខ្លួន ដាក់ជូនតុលាការមុនពេលទៅប្រទេសថៃ, នៅពេលនេះអយ្យការ អមសាលាដំបូងរាធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ និងដីកាសម្រេចបង្គាប់ឲ្យជនសង្ស័យ ជុន ច័ន្ទបុត្រ ចូលខ្លួននៅតុលាការ និងសម្រេចបន្ត ចាត់ការលើសំណុំរឿងទៅលើឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ ជាជនសង្ស័យដោយអនុវត្តស្របតាមបទបញ្ញត្តិ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែល បណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាវេលាថ្ងៃត្រង់ទី០២ ខែឧសភា ឆ្នាំ២០១៧នេះ។
ការចេញដីកាបញ្ជាឲ្យចូលខ្លួនពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅពេលនេះ មានន័យថា សមត្ថកិច្ចនឹងនាំខ្លួនជនសង្ស័យ ជុន ច័ន្ទបុត្រ ប្រសិនបើប្រទះឃើញនៅទីកន្លែងណាមួយ។
កាលពីម្សិលមិញ វិទ្យុអាស៊ីសេរី បានជូនដំណឹងថា លោក ហួត វទ្ធី ហៅ ជុន ចាន់បុត្រ បានទៅបំពេញការងារនៅការិយាល័យធំ RFA ក្នុងលើទឹកដី សហរដ្ឋអាមេរិក វិញហើយ។ សេចក្តីប្រកាសបន្តថា លោក ជុន ច័ន្ទបុត្រ នឹងមិនត្រឡប់ទៅកម្ពុជាវិញនោះទេ។ លោក ជុន ច័ន្ទបុត្រ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងបន្លំ ខ្លួនចូលពន្ធនាគារព្រៃស នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ។
សេចក្តីថ្លែងការណ៍របស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ ជាជនសង្ស័យ បានជូនដំណឹងមកអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ អំពីការចាកចេញរបស់ខ្លួនទៅប្រទេសថៃ ហើយនឹងត្រលប់មកវិញនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដើម្បីចូលមកបង្ហាញខ្លួន តាមកាលបរិចេ្ឆទកោះហៅ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ បុគ្គលជាជនសង្ស័យរូបនេះ មិនបានបង្ហាញ ខ្លួនតាមកាល កំណត់នោះឡើយ រួមទាំងមិនបានគោរពតាមការសន្យារបស់ខ្លួន ដូចដែលមានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងលិខិតជូនដំណឹងរបស់សាមីខ្លួនចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧»។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា «អយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានសម្រេចដើម្បីជាវិធានការសម្រាប់ធានា និងផ្តល់ប្រយោជន៌ដល់ចំណាត់ការ នៃការស៊ើបអង្កេតសំណុំរឿង រួមទាំងការសាកសួរចម្លើយទៅលើជនសង្ស័យ ដែលមានចេតនាគេចវេសមិនចូលខ្លួនតាមការកោះហៅ និងមិនគោរពការសន្យារបស់ខ្លួននៅចំពោះមុខ អយ្យការនោះ តំណាងអយ្យការ បានសម្រេចចេញដីកាបញ្ជាឲ្យចូលខ្លួនទៅលើឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ ជាជនសង្ស័យដោយអនុវត្ត ស្របតាមបទបញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងសម្រេចបន្តចំណាត់ការលើសំណុំរឿងនេះ ស្របតាមបទបញ្ញត្តិច្បាប់ជាធរមាន»។
ខាងក្រោមនេះ សេចក្តីថ្លែងការណ៍ និងដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលចេញនៅថ្ងៃទី០២ ខែឧសភា ព្រមទាំងលិខិតរបស់ លោក ជុន ច័ន្ទបុត្រ ស្នើទៅតុលាការ សុំទៅប្រទេសថៃ ហើយសន្យាត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១ ឧសភា៖