(ភ្នំពេញ)៖ ទីបំផុតទៅរបងរបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន និងឧកញ៉ា ហេង លី ដែលបង្ខាំងផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋអស់ជា ច្រើនឆ្នាំមកហើយនោះ ត្រូវបានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ចេញកណ្តាប់ដៃដកយកចេញដោយជោគជ័យ និងបើកផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញហើយ។
កម្លាំងសមត្ថកិច្ចមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើដំណើរ ជាថ្មីទៅកាន់ទីតាំងរបងហ៊ុមព័ទ្ធបិទផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីដករបងបង្ខាំងផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ បន្ទាប់ពីទទួលបរាជ័យកាលពីថ្ងៃម្សិលមិញ។
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញអាជ្ញាធរមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះទៅដករបងនេះម្តងរួចហើយ តែមិនទទួលបានជោគជ័យនោះឡើយ ដោយសារតែលោកស្រីឧកញ៉ា ស៊ុយ សុផាន បានរារាំងព្រោះខ្លាចប្រជាពលរដ្ឋធ្វើចលនាទាមទារដីដែលកំពុងមានជម្លោះជាមួយរូបគាត់។
បរាជ័យនៅថ្ងៃម្សិលមិញបានធ្វើឲ្យប្រជាពលរដ្ឋសម្តែងការខកបំណង និងរិះគន់លើអាជ្ញាធរផងដែរ ដែលមានភាពក្លាហានមិនគ្រប់គ្រាន់ ក្នុងការរុះរើរបង។ ក្រោយរងការរិះគន់ថា អាជ្ញាធរកម្សោយអនុវត្តន៍បទបញ្ជាលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា មិនបានសម្រេចនោះ ទើបនៅ ព្រឹកថ្ងៃទី០៣ ខែឧសភា លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានចេញបញ្ជាជាថ្មីឲ្យដកយករបងនោះចេញ។
មន្រ្តីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា របងដែលដកចេញនោះមានចំនួន៥ប្រឡោះ ស្មើប្រវែងប្រមាណ ១៦ម៉ែត្រ ជាប្រវែងទទឺងផ្លូវ ដែលអាជ្ញាធរបានបញ្ជាឲ្យបើកជូនប្រជាពលរដ្ឋ។ ក្រៅពីការដករបងហើយនោះ ប្រឡាយដែលលោកស្រីឧកញ៉ា ស៊ុយ សុផាន បានជីកកាត់ផ្តាច់ផ្លូវនាពេលកន្លងទៅ ក៏ត្រូវបានអាជ្ញាធរបញ្ជាឲ្យលុបតភ្ជាប់ផ្លូវឡើងវិញផងដែរ។
ប្រជាពលរដ្ឋត្រូវការផ្លូវនេះសម្រាប់ធ្វើដំណើរ បានសម្តែងការរីករាយ និងសាទរខ្លាំងផងដែរ ចំពោះចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា។ ប្រជាពលរដ្ឋបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ថា ជាមេដឹក នាំដែលតែងតែយកសុខទុក្ខប្រជាពលរដ្ឋជាធំ។
សូមបញ្ជាក់ថា ផ្លូវលំដែលអ្នកស្រីឧកញ៉ា ស៊ុយ សុផាន និងឧកញ៉ា ហេង លី ធ្វើរបងបិទមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នេះ មានប្រវែងប្រមាណ ៦គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវលេខ៣៦៩ ទៅផ្លូវជាតិលេខ១ ឆ្លងកាត់ភូមិចំនួន៣ រួមមាន៖ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ភូមិអូរអណ្ដូង សង្ដាត់ព្រែកប្រា និងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជាការគត់សម្គាល់ក្រោយពេលលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ចូលមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គេសង្កេតឃើញថា ទំនាស់ដីធ្លីរ៉ាំរ៉ៃក្នុងរាជធានីភ្នំពេញជាច្រើនករណីត្រូវបានដោះស្រាយបញ្ចប់ ដែលនាំឲ្យប្រជាពលរដ្ឋសម្តែងការកោសរសើរជាខ្លាំង។ ក្រុមប្រជាពលរដ្ឋ ក៏រំពឹងថា លោកទេសរដ្ឋមន្រ្តី នឹងបន្តស្វែងរកយុត្តិធម៌បន្តទៀតទៅលើបញ្ហាដីធ្លី ដើម្បីបញ្ចប់ការខឹងសម្បា និងការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋទៅលើរាជរដ្ឋាភិបាល៕