(ភ្នំពេញ)៖ ឧកញ៉ា ស៊ន សុខណា ប្រធានសមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ ចុះសួរសុខទុក្ខ និងសំណេះសំណាល នៅមណ្ឌលសុខភាពសម្ដេចឪ ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ក្នុងនោះក៏មានការចូលរួមពី សមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា, ក្រុមហ៊ុនសូណាត្រាគ្រុប និងក្រុមហ៊ុន Dynamic Pharma ព្រមទាំង​សប្បុរសជនផងដែរ។

លោកឧកញ៉ា ស៊ន សុខណា បានឲ្យដឹងថា ការចុះមកមណ្ឌលសុខភាពនេះ ​ធ្វើឡើងបន្ទាប់ពី លោកឧកញ៉ាបានដឹងដំណឹងថា មណ្ឌលសុខភាពនេះ មានការខ្វះខាតនូវសម្ភារៈប្រើប្រាស់ ក៏ដូចជាអគារមានសភាពចាស់ទ្រុឌទ្រោម ទើបលោកគៀងគរនូវក្រុមខាងលើ ឲ្យចូលរួមជាការងារមនុស្សធម៌មួយនេះ។

ក្រៅបញ្ចប់ការសំណេះសំណាល លោកឧកញ៉ា បានសន្យាថា នឹងធ្វើការសាងសង់អគារមណ្ឌលសុខភាពនេះថ្មីឡើងវិញ ចំនួន២ខ្នង ហើយក្រុមហ៊ុន Dynamic Pharma ជាអ្នកផ្គត់ផ្គងសម្ភារៈបរិក្ខាពេទ្យ។​

ក្នុងឱកាសនេះ លោកឧកញ៉ា ស៊ន សុខណា​ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនបុគ្គលិកពេទ្យនៅក្នុងមណ្ឌលសុខភាពសម្ដេចឪនេះផងដែរ៕